29. ការនេះនឹងបានជាទីសំគាល់ដល់ឯងរាល់គ្នា គឺនៅឆ្នាំនេះ ឯងរាល់គ្នានឹងបរិភោគផលដែលដុះឯង ដល់ឆ្នាំទី២ នោះនឹងបរិភោគផលដែលកើតពីនោះទៀត តែដល់ឆ្នាំទី៣ត្រូវឲ្យឯងរាល់គ្នាសាបព្រោះ ច្រូតកាត់ ហើយដាំចំការទំពាំងបាយជូរ រួចបរិភោគពីផលទាំងនោះទៅ
30. ឯសំណល់នៃពួកកូនចៅយូដា ដែលរួចជីវិត គេនឹងចាក់ឫសទៅក្រោម ហើយនឹងបង្កើតផលទៅលើ
31. ដ្បិតនឹងមានសំណល់ចេញពីក្រុងយេរូសាឡិមទៅ ព្រមទាំងពួកអ្នកដែលរួចជីវិត ចេញពីក្រុងស៊ីយ៉ូនដែរ សេចក្តីឧស្សាហ៍របស់ព្រះយេហូវ៉ា នៃពួកពលបរិវារនឹងធ្វើការនោះ
32. ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលពីដំណើរស្តេចអាសស៊ើរដូច្នេះថា គេនឹងមិនចូលមកក្នុងក្រុងនេះឡើយ ក៏មិនបាញ់ព្រួញ ឬកាន់ខែលនៅមុខទីក្រុងនេះ ឬជីកស្នាមភ្លោះច្បាំងនឹងទីនេះដែរ
33. គឺគេនឹងវិលទៅវិញតាមផ្លូវដដែល ដែលគេបានមកនោះ ឥតចូលមកក្នុងទីក្រុងនេះឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
34. ដ្បិតអញនឹងការពារក្រុងនេះ រក្សាទុកសំរាប់ខ្លួនអញ គឺដោយយល់ដល់ដាវីឌ ជាអ្នកបំរើអញផង។