8. ទ្រង់វាយពួកភីលីស្ទីន រហូតដល់ក្រុងកាសា និងខែត្រដែលនៅជុំវិញ ចាប់ជុំវិញតាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង។
9. នៅឆ្នាំទី៤ ក្នុងរាជ្យស្តេចហេសេគា ត្រូវនឹងឆ្នាំទី៧នៃរាជ្យហូស៊ា ជាបុត្រអេឡា ស្តេចអ៊ីស្រាអែល នោះសាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី
10. លុះច្បាំងគ្រប់៣ឆ្នាំហើយ ទើបចាប់យកក្រុងនោះបាន គឺក្នុងឆ្នាំទី៦ នៃរាជ្យហេសេគា ដែលត្រូវនឹងឆ្នាំទី៩នៃរាជ្យហូស៊ា ស្តេចអ៊ីស្រាអែល នោះគេចាប់យកក្រុងសាម៉ារីបាន
11. ស្តេចស្រុកអាសស៊ើរ ទ្រង់ក៏ដឹកនាំពួកអ៊ីស្រាអែល ទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡា ដែលនៅមាត់ទន្លេហាបោរ ជាទន្លេរបស់ស្រុកកូសាន ហើយនៅទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ
12. ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃគេ គឺបានរំលងសេចក្តីសញ្ញានៃទ្រង់ ជាសេចក្តីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបំរើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។
13. ដល់ឆ្នាំទី១៤ ក្នុងរាជ្យស្តេចហេសេគា នោះសានហេរីប ជាស្តេចស្រុកអាសស៊ើរ ក៏ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា
14. ឯហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ ឲ្យហេសេគា ជាស្តេចស្រុកយូដា បង់ប្រាក់៣០០ហាប និងមាស៣០ហាប
15. ហេសេគាក៏យកប្រាក់ទាំងអស់ ដែលឃើញមានក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងឃ្លាំងព្រះរាជទ្រព្យទាំងប៉ុន្មាន ទៅថ្វាយដល់ទ្រង់
16. វេលានោះហេសេគាក៏កាត់យកមាសពីទ្វារព្រះវិហារនៃព្រះយេហូវ៉ា និងពីសសរដែលទ្រង់បានស្រោបទៅថ្វាយដល់ស្តេចអាសស៊ើរដែរ។
17. ឯស្តេចអាសស៊ើរទ្រង់ចាត់ថើថាន និងរ៉ាប-សារី ហើយរ៉ាបសាកេ ពីក្រុងឡាគីស នាំទាំងពលទ័ពជាច្រើន ឲ្យទៅឯហេសេគា នៅក្រុងយេរូសាឡិម គេក៏ឡើងទៅ កាលគេមកដល់ក្រុងយេរូសាឡិមហើយ នោះគេឈរក្បែរប្រឡាយនៃស្រះខាងលើ ដែលនៅតាមផ្លូវវាលនៃជាងប្រមោក