3. សាលម៉ានេស៊ើរ ជាស្តេចស្រុកអាសស៊ើរ បានឡើងមកទាស់នឹងហូស៊ានេះ ហើយទ្រង់ក៏ចុះចូល ព្រមទាំងបង់សួយអាករថ្វាយផង
4. តែស្តេចអាសស៊ើរទ្រង់បានជ្រាបថា ហូស៊ាគិតក្បត់ហើយ ដ្បិតហូស៊ាបានចាត់សារទៅឯសូរ ជាស្តេចស្រុកអេស៊ីព្ទ ហើយលែងបង់សួយអាករថ្វាយទ្រង់ ដូចជារាល់ឆ្នាំទៀត ហេតុនោះបានជាស្តេចអាសស៊ើរ ក៏ចាប់ចងទ្រង់ឃុំទុកក្នុងគុក
5. រួចមកស្តេចអាសស៊ើរទ្រង់យាងមកសព្វគ្រប់ក្នុងស្រុក ក៏ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារីអស់៣ឆ្នាំ
6. នៅឆ្នាំទី៩ ក្នុងរាជ្យហូស៊ា នោះស្តេចអាសស៊ើរក៏វាយយកក្រុងសាម៉ារីបាន ហើយទ្រង់ដឹកនាំពួកអ៊ីស្រាអែលទៅឯស្រុកអាសស៊ើរ ដាក់ឲ្យនៅត្រង់ក្រុងហាឡានៅមាត់ទន្លេហាបោ ជាទន្លេរបស់ស្រុកកូសាន ហើយនៅក្នុងទីក្រុងរបស់សាសន៍មេឌីទាំងប៉ុន្មានដែរ។
7. ការនោះកើតមក ដោយព្រោះតែពួកកូនចៅអ៊ីស្រាអែលបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃគេ ដែលទ្រង់បាននាំគេឡើងចេញពីស្រុកអេស៊ីព្ទ ឲ្យរួចពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក ហើយដោយព្រោះគេបានកោតខ្លាចដល់ព្រះដទៃ
8. ព្រមទាំងប្រព្រឹត្តតាមអស់ទាំងទំនៀមទំលាប់នៃពួកសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ និងតាមច្បាប់ដែលពួកស្តេចអ៊ីស្រាអែលបានតាំងដែរ
9. ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ ដោយលួចលាក់ ទាស់នឹងព្រះយេហូវ៉ាជាព្រះនៃគេ ក៏ធ្វើទីខ្ពស់សំរាប់ខ្លួន នៅគ្រប់ទាំងទីក្រុង ចាប់តាំងពីភូមិដែលមានតែប៉មចាំយាម រហូតដល់ទីក្រុងមានកំផែង
10. គេបានធ្វើបង្គោលសំរាប់គោរព និងរូបព្រះ នៅលើអស់ទាំងទីភ្នំ ហើយនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានផង
11. ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាទ្រង់មានសេចក្តីក្រោធ
12. គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាទ្រង់ហាមថា ឯងរាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
13. ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល និងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា និងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកអយ្យកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ
14. ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹងវិញ ដូចជាពួកអយ្យកោគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ
15. គេបោះបង់ចោលបញ្ញត្តរបស់ទ្រង់ និងសេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងពួកអយ្យកោគេចេញ ព្រមទាំងសេចក្តីបន្ទាល់ ដែលទ្រង់បានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែសេចក្តីជាអសារឥតការវិញ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ
16. គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោ២ ហើយធ្វើរូបព្រះ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង
17. គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅ ឲ្យបានប្រព្រឹត្តអំពើ ដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្តីក្រោធ
18. ដោយហេតុនោះ បានជាព្រះយេហូវ៉ាទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញចំពោះព្រះនេត្រទ្រង់ទៅ សល់នៅតែពូជអំបូរយូដាតែ១ប៉ុណ្ណោះ។
19. ឯពួកយូដា គេក៏មិនបានកាន់តាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ គឺគេដើរតាមទំនៀមដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តមកវិញ
20. ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់បោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ទ្រង់បានបោះគេចោល ពីចំពោះព្រះភក្ត្រទ្រង់ចេញ