24. រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់ផងគេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ
25. កាលគេចាប់តាំងនៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះព្រះយេហូវ៉ាទ្រង់ប្រើសត្វសិង្ហ ឲ្យទៅនៅកណ្តាលគេ សិង្ហទាំងនោះបានសំឡាប់អ្នកខ្លះបង់
26. ដូច្នេះ គេទូលដល់ស្តេចអាសស៊ើរថា ពួកសាសន៍ទាំងប៉ុន្មាន ដែលទ្រង់បាននាំយកទៅ ទុកឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី គេមិនស្គាល់ច្បាប់នៃព្រះរបស់ស្រុកនោះទេ បានជាព្រះទ្រង់ឲ្យសត្វសិង្ហ ទៅនៅកណ្តាលគេ ហើយមើល សត្វទាំងនោះកំពុងតែសំឡាប់គេទៅ ដោយព្រោះគេមិនស្គាល់ច្បាប់ នៃព្រះរបស់ស្រុកនោះ។
27. នោះស្តេចអាសស៊ើរទ្រង់បង្គាប់ថា ចូរនាំយកពួកសង្ឃម្នាក់ ដែលបានដឹកនាំចេញមកពីស្រុកនោះ ឲ្យទៅនៅឯណោះវិញចុះ ដើម្បីនឹងបង្រៀនគេពីច្បាប់នៃព្រះរបស់ស្រុកនោះ
28. ដូច្នេះ ពួកសង្ឃម្នាក់ដែលគេបានដឹកនាំចេញពីស្រុកសាម៉ារីមក ក៏វិលទៅនៅឯក្រុងបេត-អែលបង្ហាត់បង្រៀនគេ ពីបែបដែលត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា
29. ប៉ុន្តែគ្រប់ទាំងសាសន៍នោះបានធ្វើព្រះសំរាប់គេរៀងខ្លួន ដាក់ទុកនៅក្នុងអស់ទាំងវិហារនៅទីខ្ពស់ ដែលពួកសាម៉ារីបានធ្វើ គឺគ្រប់ទាំងសាសន៍នោះ តាមទីក្រុងដែលគេអាស្រ័យនៅ
30. ពួកដែលមកពីក្រុងបាប៊ីឡូន គេធ្វើព្រះសិកូត-បេណូត ពួកក្រុងគូថា គេធ្វើព្រះនើកាល ពួកក្រុងហាម៉ាត គេធ្វើព្រះអ័ស៊ីម៉ា
31. ពួកក្រុងអាវ៉ា គេធ្វើព្រះនីបហាស និងព្រះថើថាក ហើយពួកសេផាវែម គេដុតកូនរបស់គេក្នុងភ្លើង ថ្វាយព្រះអ័ឌរ៉ាម៉ាលេក និងព្រះអ័ណាម៉ាលេក ជាព្រះរបស់ពួកសេផាវែមនោះ
32. យ៉ាងនោះ គេបានកោតខ្លាចដល់ព្រះយេហូវ៉ា ព្រមទាំងតាំងពួកគេខ្លះឡើង ឲ្យធ្វើជាសង្ឃនៃអស់ទាំងទីខ្ពស់ សំរាប់ខ្លួនគេផង ពួកសង្ឃនោះក៏ថ្វាយយញ្ញបូជារបស់គេ នៅក្នុងអស់ទាំងវិហារនៃទីខ្ពស់ទាំងនោះ
33. គេបានកោតខ្លាចដល់ព្រះយេហូវ៉ាផង ហើយគោរពប្រតិបត្តិតាមព្រះរបស់ខ្លួនផង តាមទំលាប់របស់សាសន៍ទាំងប៉ុន្មាន នៅស្រុកកំណើតគេរៀងខ្លួន
34. គេនៅតែប្រព្រឹត្តតាមបែបនោះ ដរាបដល់សព្វថ្ងៃនេះ គេមិនមែនកោតខ្លាចដល់ព្រះយេហូវ៉ាជាពិតទេ ហើយមិនមែនប្រព្រឹត្តតាមបញ្ញត្តតាមវិន័យរបស់ខ្លួនគេដែរ ឬតាមច្បាប់ និងក្រឹត្យក្រម ដែលព្រះយេហូវ៉ាបានបង្គាប់ ដល់ពួកកូនចៅយ៉ាកុប ជាអ្នកដែលទ្រង់ឲ្យឈ្មោះថា អ៊ីស្រាអែល នោះផង