12. គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាទ្រង់ហាមថា ឯងរាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
13. ប៉ុន្តែព្រះយេហូវ៉ាទ្រង់បានធ្វើបន្ទាល់ ដល់ពួកអ៊ីស្រាអែល និងពួកយូដា ដោយសារគ្រប់ទាំងពួកហោរា និងអ្នកមើលឆុតថា ចូរឲ្យឯងរាល់គ្នាបែរចេញពីផ្លូវអាក្រក់របស់ឯងទៅ ហើយកាន់តាមក្រឹត្យក្រម និងបញ្ញត្តអញទាំងប៉ុន្មាន តាមច្បាប់ទាំងអស់ដែលអញបានបង្គាប់ដល់ពួកអយ្យកោឯង ហើយដែលអញបានផ្ញើមកឯងរាល់គ្នា ដោយសារពួកហោរា ជាពួកអ្នកបំរើរបស់អញ
14. ប៉ុន្តែ គេមិនព្រមស្តាប់ទេ គឺបានតាំងចិត្តរឹងវិញ ដូចជាពួកអយ្យកោគេ ដែលមិនបានជឿដល់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ
15. គេបោះបង់ចោលបញ្ញត្តរបស់ទ្រង់ និងសេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងពួកអយ្យកោគេចេញ ព្រមទាំងសេចក្តីបន្ទាល់ ដែលទ្រង់បានមានព្រះបន្ទូលនឹងគេផង គេដើរតាមតែសេចក្តីជាអសារឥតការវិញ ហើយខ្លួនគេក៏ត្រឡប់ជាអសារឥតការដែរ គេប្រព្រឹត្តតាមពួកសាសន៍ដទៃនៅជុំវិញ ដែលព្រះយេហូវ៉ាហាមថា កុំឲ្យត្រាប់តាមអ្នកទាំងនោះឡើយ
16. គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោ២ ហើយធ្វើរូបព្រះ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង
17. គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅ ឲ្យបានប្រព្រឹត្តអំពើ ដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្តីក្រោធ
18. ដោយហេតុនោះ បានជាព្រះយេហូវ៉ាទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ចំពោះពួកអ៊ីស្រាអែល ក៏រើគេចេញចំពោះព្រះនេត្រទ្រង់ទៅ សល់នៅតែពូជអំបូរយូដាតែ១ប៉ុណ្ណោះ។
19. ឯពួកយូដា គេក៏មិនបានកាន់តាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ គឺគេដើរតាមទំនៀមដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តមកវិញ
20. ហេតុនោះបានជាព្រះយេហូវ៉ា ទ្រង់បោះបង់ចោលពូជអ៊ីស្រាអែលទាំងអស់ ក៏ធ្វើទុក្ខគេ ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ពួកអ្នកដែលបំផ្លាញគេ ដរាបដល់ទ្រង់បានបោះគេចោល ពីចំពោះព្រះភក្ត្រទ្រង់ចេញ
21. ទ្រង់បានហែកពួកអ៊ីស្រាអែលផ្តាច់ចេញពីជំនួរវង្សដាវីឌ ក៏លើកយេរ៉ូបោម ជាកូននេបាត តាំងឡើងឲ្យធ្វើជាស្តេចវិញ ឯយេរ៉ូបោម ក៏បានញាក់ទាញពួកអ៊ីស្រាអែលចេញពីព្រះយេហូវ៉ា ព្រមទាំងបណ្តាលឲ្យគេធ្វើបាបជាទំងន់
22. ពួកកូនចៅអ៊ីស្រាអែលក៏បានដើរតាមអស់ទាំងអំពើបាប ដែលយេរ៉ូបោមបានប្រព្រឹត្តទាំងនោះ គេមិនបានវៀរបង់លែងប្រព្រឹត្តតាមអំពើទាំងនោះឡើយ
23. ដរាបដល់ព្រះយេហូវ៉ាទ្រង់បណ្តេញគេ ពីចំពោះព្រះភក្ត្រទ្រង់ចេញ ដូចជាទ្រង់បានមានព្រះបន្ទូលដោយសារអស់ទាំងហោរា ជាអ្នកបំរើទ្រង់ ដូច្នេះ អ៊ីស្រាអែលក៏ត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅនៅឯស្រុកអាសស៊ើរ ដរាបដល់សព្វថ្ងៃនេះ។
24. រួចមកស្តេចអាសស៊ើរ ទ្រង់នាំយកមនុស្សពីក្រុងបាប៊ីឡូន ក្រុងគូថា ក្រុងអាវ៉ា ក្រុងហាម៉ាត និងក្រុងសេផាវែម ទៅដាក់ឲ្យនៅក្នុងអស់ទាំងទីក្រុងស្រុកសាម៉ារី ជំនួសពួកកូនចៅអ៊ីស្រាអែលវិញ អ្នកទាំងនោះបានស្រុកសាម៉ារីជារបស់ផងគេ ហើយក៏អាស្រ័យនៅក្នុងអស់ទាំងទីក្រុងស្រុកនោះ
25. កាលគេចាប់តាំងនៅក្នុងស្រុក គេមិនបានកោតខ្លាចដល់ព្រះយេហូវ៉ាទេ ហេតុនោះព្រះយេហូវ៉ាទ្រង់ប្រើសត្វសិង្ហ ឲ្យទៅនៅកណ្តាលគេ សិង្ហទាំងនោះបានសំឡាប់អ្នកខ្លះបង់