1. នៅឆ្នាំទី១៧ ក្នុងរាជ្យពេកា ជាកូនរេម៉ាលា នោះអ័ហាស ជាបុត្រយ៉ូថាម ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2. កាលអ័ហាសសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២០ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន១៦ឆ្នាំ ទ្រង់មិនបានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាដាវីឌ ជាអយ្យកោទ្រង់ទេ
3. គឺទ្រង់ប្រព្រឹត្តតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងធ្វើឲ្យព្រះរាជបុត្រាទ្រង់ឆ្លងកាត់ភ្លើងផង តាមទំលាប់គួរស្អប់ខ្ពើមរបស់សាសន៍ដទៃ ដែលព្រះយេហូវ៉ាទ្រង់បានបណ្តេញពីមុខពួកកូនចៅអ៊ីស្រាអែលចេញ
4. ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ និងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ
5. នៅគ្រានោះ រេស៊ីន ជាស្តេចស៊ីរី និងពេកា ជាកូនរេម៉ាលា ស្តេចអ៊ីស្រាអែល បានឡើងមកច្បាំងនឹងអ័ហាស ក៏ឡោមព័ទ្ធក្រុងយេរូសាឡិម តែពុំអាចនឹងឈ្នះទ្រង់បានទេ
6. នៅវេលានោះរេស៊ីន ជាស្តេចស៊ីរីទ្រង់ចាប់យកក្រុងអេឡាត បង្វិលឲ្យទៅខាងពួកស៊ីរីវិញ ហើយបណ្តេញពួកសាសន៍យូដាពីក្រុងអេឡាតចេញ រួចពួកសាសន៍ស៊ីរី គេមកតាំងទីលំនៅៗក្រុងនោះ ដរាបដល់សព្វថ្ងៃនេះ។
7. ដូច្នេះ អ័ហាសទ្រង់ចាត់សារ ឲ្យទៅឯទីកាឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរថា ទូលបង្គំនេះជាអ្នកបំរើ ហើយជាបុត្ររបស់ទ្រង់ ហេតុនេះសូមទ្រង់ឡើងមកជួយទូលបង្គំ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចស៊ីរី និងស្តេចអ៊ីស្រាអែល ដែលគេបានលើកគ្នាមកទាស់នឹងទូលបង្គំផង
8. អ័ហាសក៏យកមាសនឹងប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងឃ្លាំងព្រះរាជទ្រព្យផ្ញើទៅថ្វាយជាដង្វាយ ដល់ស្តេចស្រុកអាសស៊ើរ
9. ឯស្តេចអាសស៊ើរក៏ស្តាប់តាម រួចទ្រង់ឡើងទៅទាស់នឹងក្រុងដាម៉ាស ទ្រង់ច្បាំងចាប់យកបាន ហើយដឹកនាំពួកអ្នកក្រុងនោះ ទៅជាឈ្លើយដល់ស្រុកគារ ព្រមទាំងធ្វើគុតរេស៊ីនផង។
10. រួចមក ស្តេចអ័ហាសទ្រង់យាងទៅឯក្រុងដាម៉ាស ដើម្បីជួបនឹងទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ អ័ហាសទ្រង់ឃើញអាសនា១ ដែលនៅក្រុងដាម៉ាសនោះ រួចទ្រង់ផ្ញើគំរូ និងទ្រង់ទ្រាយនៃអាសនានោះ តាមរបៀបរចនាគ្រប់យ៉ាងទៅអ៊ូរីយ៉ាដ៏ជាសង្ឃ
11. រួចអ៊ូរីយ៉ាដ៏ជាសង្ឃ ក៏ស្អាងអាសនា១ តាមគំរូដែលស្តេចអ័ហាសបានផ្ញើមកពីក្រុងដាម៉ាសនោះគ្រប់ជំពូក អ៊ូរីយ៉ាក៏ធ្វើឲ្យទាន់ស្តេចអ័ហាសយាងត្រឡប់មកពីក្រុងដាម៉ាសវិញ
12. កាលស្តេចបានយាងមកពីក្រុងដាម៉ាសវិញហើយ ទ្រង់ក៏ឃើញ ហើយទ្រង់យាងទៅឯអាសនានោះ ដើម្បីនឹងថ្វាយដង្វាយ
13. ទ្រង់ក៏ដុតដង្វាយដុត និងដង្វាយម្សៅ នៅលើអាសនានោះ ព្រមទាំងច្រួចដង្វាយច្រួច ហើយប្រោះឈាមនៃដង្វាយមេត្រីផង
14. ឯអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ា នោះទ្រង់ក៏យកចេញពីល្វែងមុខនៃព្រះវិហារ គឺពីកណ្តាលអាសនាទ្រង់ ហើយនឹងទីបរិសុទ្ធបំផុត ទៅដាក់នៅទិសខាងជើង នៃអាសនារបស់ទ្រង់វិញ
15. ស្តេចអ័ហាសក៏បង្គាប់ដល់អ៊ូរីយ៉ាដ៏ជាសង្ឃថា ត្រូវដុតដង្វាយដុតពេលព្រឹក និងដង្វាយម្សៅពេលល្ងាច ព្រមទាំងដង្វាយដុតរបស់ស្តេច និងដង្វាយម្សៅទ្រង់ ហើយទាំងដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួចរបស់ពួកជនទាំងឡាយ នៅលើអាសនាធំនោះ ក៏ត្រូវប្រោះឈាមដង្វាយដុត នឹងឈាមនៃយញ្ញបូជានៅលើនោះដែរ តែអាសនាលង្ហិននោះ ត្រូវទុកសំរាប់ឲ្យយើងទូលសួរដល់ព្រះ