1. នៅឆ្នាំទី២៧ ក្នុងរាជ្យយេរ៉ូបោម ស្តេចអ៊ីស្រាអែល នោះអ័សារា ជាបុត្រអ័ម៉ាស៊ីយ៉ា ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2. កាលទ្រង់ចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម១៦ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន៥២ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជាយេកូលា ជាអ្នកក្រុងយេរូសាឡិម
3. ទ្រង់បានប្រព្រឹត្តអំពើដ៏ត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងសេចក្តីដែលអ័ម៉ាស៊ីយ៉ា ជាបិតាទ្រង់ បានធ្វើដែរ
4. ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
5. ព្រះយេហូវ៉ាទ្រង់បានធ្វើ ឲ្យស្តេចកើតរោគឃ្លង់ ដរាបដល់អស់ព្រះជន្ម ហើយទ្រង់ត្រូវគង់នៅដំណាក់១ដោយខ្លួន ឯយ៉ូថាម ជាព្រះរាជបុត្រា ក៏ត្រួតត្រាការទាំងអស់ក្នុងព្រះរាជវាំង ព្រមទាំងគ្រប់គ្រងលើបណ្តាជននៅស្រុកនោះផង
6. រីឯដំណើរឯទៀតពីអ័សារា និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតារនៃពួកស្តេចយូដាហើយ
7. អ័សារាក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់នៅក្រុងដាវីឌ ជាមួយនឹងពួកអយ្យកោទ្រង់ រួចយ៉ូថាមជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
8. នៅឆ្នាំទី៣៨ ក្នុងរាជ្យអ័សារា ជាស្តេចយូដា នោះសាការី ជាបុត្រយេរ៉ូបោម ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៦ខែ
9. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ដូចជាពួកអយ្យកោទ្រង់បានធ្វើដែរ ទ្រង់មិនបានលះបង់លែងតាមអំពើបាបរបស់យេរ៉ូបោម ជាកូនរបស់នេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
10. គ្រានោះសាលូម ជាកូនយ៉ាបេស បានក្បត់ ហើយធ្វើគត់ទ្រង់នៅចំពោះប្រជាជនទាំងឡាយ រួចឡើងសោយរាជ្យជំនួសទ្រង់
11. រីឯដំណើរឯទៀតពីសាការី នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
12. នេះហើយជាសេចក្តី ដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងយេហ៊ូវថា គឺពួកកូនចៅឯងនឹងបានសោយរាជ្យលើពួកអ៊ីស្រាអែល ដរាបដល់៤ដំណ ការនោះក៏កើតមកដូច្នោះមែន។