14. ទ្រង់ក៏យកមាសប្រាក់ទាំងអស់ និងគ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
15. រីឯដំណើរឯទៀតពីយ៉ូអាស ដែលទ្រង់បានធ្វើ និងអំណាចរបស់ទ្រង់ ហើយពីទ្រង់ច្បាំងនឹងអ័ម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
16. យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ ហើយគេបញ្ចុះទ្រង់ នៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែលទៅ រួចយេរ៉ូបោម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
17. ក្រោយដែលយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល បានសុគតទៅ នោះអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាស ស្តេចយូដា ទ្រង់មានព្រះជន្មរស់នៅបាន១៥ឆ្នាំទៀត
18. រីឯដំណើរឯទៀតពីអ័ម៉ាស៊ីយ៉ា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាហើយ
19. មានគេគិតក្បត់នឹងទ្រង់ នៅក្រុងយេរូសាឡិម ហើយទ្រង់រត់ទៅឯក្រុងឡាគីស តែគេចាត់មនុស្សឲ្យទៅឯក្រុងឡាគីសតាមទ្រង់ ក៏ធ្វើគុតនៅទីនោះ
20. គេដាក់សពទ្រង់លើសេះ នាំមកបញ្ចុះនៅក្រុងដាវីឌជាមួយនឹងពួកអយ្យកោទ្រង់វិញ គឺនៅក្រុងយេរូសាឡិម
21. នោះពួកបណ្តាជនទាំងឡាយ គេក៏លើកអ័សារា ដែលទ្រង់មានព្រះជន្ម១៦ឆ្នាំ តាំងឡើង ឲ្យធ្វើជាស្តេច ជំនួសអ័ម៉ាស៊ីយ៉ា បិតាទ្រង់
22. គឺស្តេចនេះហើយ ដែលសង់ក្រុងអេឡាតឡើង ហើយបានបង្វិលមកខាងយូដាវិញ ក្រោយមកស្តេចក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ។
23. នៅឆ្នាំទី១៥ក្នុងរាជ្យអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាសស្តេចយូដា នោះយេរ៉ូបោម ជាបុត្រាយ៉ូអាស ស្តេចអ៊ីស្រាអែល ក៏ចាប់តាំងសោយរាជ្យឡើង នៅក្រុងសាម៉ារី ក៏សោយរាជ្យបាន៤១ឆ្នាំ
24. ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានលះបង់លែងប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ
25. តែទ្រង់បានតាំងព្រំស្រុកអ៊ីស្រាអែលឡើងវិញ ចាប់តាំងពីទ្វារចូលស្រុកហាម៉ាត រហូតដល់សមុទ្រនៅស្រុកវាល តាមព្រះបន្ទូលដែលព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល បានមានព្រះបន្ទូលដោយសារហោរាយ៉ូណាសជាកូនអ័មីថាយ ជាអ្នកបំរើទ្រង់ ដែលនៅកាថ-ហេភើរ
26. ដ្បិតព្រះយេហូវ៉ាទ្រង់ទតឃើញសេចក្តីវេទនា របស់ពួកអ៊ីស្រាអែល ថាជាជូរចត់ណាស់ ដ្បិតគ្មានអ្នកណាបិទបាំងទុក ឬអ្នកណាដែលឥតចំណងឡើយ ក៏គ្មានអ្នកណា សំរាប់ជួយសង្គ្រោះ ដល់ពួកសាសន៍អ៊ីស្រាអែលដែរ
27. ឯព្រះយេហូវ៉ាទ្រង់មិនបានថា ទ្រង់នឹងលុបឈ្មោះពួកអ៊ីស្រាអែលចេញ ពីក្រោមមេឃនោះទេ បានជាទ្រង់ជួយសង្គ្រោះគេ ដោយសារព្រះហស្តយេរ៉ូបោម ជាបុត្រយ៉ូអាសវិញ។
28. រីឯដំណើរឯទៀតពីយេរ៉ូបោម និងការដែលទ្រង់ធ្វើទាំងប៉ុន្មាន ហើយពីអំណាចទ្រង់ ដែលទ្រង់បានច្បាំង ព្រមទាំងការដែលចាប់យកក្រុងដាម៉ាស និងក្រុងហាម៉ាតជាទីក្រុងនៃពួកយូដា មកខាងពួកអ៊ីស្រាអែលវិញជាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ