1. នៅឆ្នាំទី២ ក្នុងរាជ្យនៃយ៉ូអាស ជាបុត្រយ៉ូអាហាស ស្តេចអ៊ីស្រាអែល នោះអ័ម៉ាស៊ីយ៉ា ជាបុត្រយ៉ូអាស ស្តេចយូដា ក៏ចាប់តាំងសោយរាជ្យឡើង
2. កាលទ្រង់បានចាប់តាំងសោយរាជ្យឡើង នោះទ្រង់មានព្រះជន្ម២៥ឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបាន២៩ឆ្នាំ ព្រះមាតាទ្រង់ព្រះនាមជា យ៉ូអាដាន ជាអ្នកក្រុងយេរូសាឡិម
3. ទ្រង់បានប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា តែមិនដល់ដាវីឌជាអយ្យកោទ្រង់ទេ ទ្រង់បានប្រព្រឹត្តតាមគ្រប់ទាំងការ ដែលយ៉ូអាស ជាព្រះបិតាបានធ្វើ
4. ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ
5. កាលរាជ្យបានជាប់នៅក្នុងអំណាចទ្រង់ហើយ នោះទ្រង់ក៏សំឡាប់ពួកបំរើ ដែលបានធ្វើគុតស្តេច ជាព្រះបិតាទ្រង់ទៅ
6. តែឯកូនចៅនៃពួកអ្នក ដែលធ្វើគុតស្តេចនោះ ទ្រង់មិនបានសំឡាប់គេទេ តាមសេចក្តីដែលចែងទុកមក ក្នុងគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកថា «ឪពុកមិនត្រូវទោសដល់ស្លាប់ ដោយព្រោះកូន ហើយកូនក៏មិនត្រូវទោសដល់ស្លាប់ ដោយព្រោះឪពុកដែរ គឺគ្រប់មនុស្សត្រូវស្លាប់ ដោយព្រោះតែអំពើបាបរៀងខ្លួនវិញ»។
7. ទ្រង់ក៏ប្រហារពួកសាសន៍អេដំមអស់១ម៉ឺននាក់ នៅត្រង់ច្រកភ្នំអំបិល ក៏ច្បាំងចាប់យកក្រុងសេឡា រួចដាក់ឈ្មោះទីក្រុងនោះថា យ៉ុកធាល ដរាបដល់សព្វថ្ងៃនេះ
8. ក្រោយនោះមក អ័ម៉ាស៊ីយ៉ាទ្រង់ចាត់សារទៅឯយ៉ូអាស ជាបុត្រយ៉ូអាហាស ដែលជាបុត្រយេហ៊ូវ ស្តេចអ៊ីស្រាអែលទូលថា ចូរចេញមក យើងល្បងលគ្នាមើល
9. តែយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាត់សារឲ្យទៅឯអ័ម៉ាស៊ីយ៉ា ជាស្តេចយូដាវិញ ទូលថា ដើមបន្លាដែលដុះនៅលើភ្នំល្បាណូន បានចាត់សារទៅឯដើមតាត្រៅនៅលើភ្នំល្បាណូនថា ចូរលើកកូនស្រីឯងមកឲ្យធ្វើជាប្រពន្ធរបស់កូនប្រុសអញ ក៏មានសត្វព្រៃសាហាវ ដែលនៅភ្នំល្បាណូនមកតាមនោះ ជាន់ឈ្លីដើមបន្លានោះទៅ
10. ឯទ្រង់ បានវាយឈ្នះពួកសាសន៍អេដំមពិតមែនហើយ ព្រះទ័យទ្រង់បានដំកើងទ្រង់ឡើង ចូរអួតពីដំណើរនោះចុះ ហើយនៅឯដំណាក់ទ្រង់ទៅ តើចង់រករឿងដែលនឹងនាំឲ្យមានអន្តរាយ ឲ្យទ្រង់ត្រូវដួល ព្រមទាំងពួកយូដាផងធ្វើអី។
11. ប៉ុន្តែអ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា
12. ពួកយូដាក៏ចាញ់ពួកអ៊ីស្រាអែល ហើយរត់ទៅឯទីលំនៅគេរៀងខ្លួនវិញ
13. ឯយ៉ូអាស ជាស្តេចអ៊ីស្រាអែល ទ្រង់ចាប់អ័ម៉ាស៊ីយ៉ា ស្តេចយូដា ជាបុត្រយ៉ូអាស ដែលជាបុត្រអ័ហាស៊ីយ៉ា នៅត្រង់បេត-សេមែស រួចទ្រង់យាងទៅដល់ក្រុងយេរូសាឡិម រំលំកំផែងទីក្រុងបង់ ចាប់តាំងពីទ្វារអេប្រាអិម រហូតដល់ទ្វារជ្រុងកំផែង អស់៤០០ហត្ថ
14. ទ្រង់ក៏យកមាសប្រាក់ទាំងអស់ និងគ្រប់គ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលឃើញមាន នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយនៅក្នុងព្រះរាជទ្រព្យទាំងប៉ុន្មាន ព្រមទាំងចាប់មនុស្សបញ្ចាំទុក រួចនាំទាំងអស់ត្រឡប់ទៅឯក្រុងសាម៉ារីវិញ។
15. រីឯដំណើរឯទៀតពីយ៉ូអាស ដែលទ្រង់បានធ្វើ និងអំណាចរបស់ទ្រង់ ហើយពីទ្រង់ច្បាំងនឹងអ័ម៉ាស៊ីយ៉ា ជាស្តេចស្រុកយូដាយ៉ាងណា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ