2. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ព្រមទាំងប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោមជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះដែរ ទ្រង់មិនវៀរបង់លែងធ្វើឡើយ
3. នោះសេចក្តីក្រោធនៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់ប្រគល់គេទៅក្នុងកណ្តាប់ដៃនៃហាសែល ជាស្តេចស៊ីរី និងក្នុងកណ្តាប់ដៃនៃបេន-ហាដាឌ់ ជាបុត្រហាសែលតទៅ
4. តែយ៉ូអាហាសទ្រង់អំពាវនាវដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាម ដ្បិតទ្រង់បានទតឃើញការ ដែលស្តេចស៊ីរីសង្កត់សង្កិនដល់ពួកអ៊ីស្រាអែល
5. (រីឯព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន ឲ្យពួកអ៊ីស្រាអែលមានអ្នកជួយសង្គ្រោះម្នាក់ ឲ្យគេបានរួចពីអំណាចសាសន៍ស៊ីរី រួចពួកកូនចៅអ៊ីស្រាអែល គេក៏នៅក្នុងផ្ទះរបស់ខ្លួនដូចដើមវិញ
6. ប៉ុន្តែគេមិនលែងធ្វើតាមអំពើបាបរបស់ជំនួរវង្សយេរ៉ូបោម ដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះទេ គឺគេចេះតែប្រព្រឹត្តតាមអំពើទាំងនោះវិញ ហើយនៅក្នុងក្រុងសាម៉ារីក៏មានអស់ទាំងរូបព្រះនៅឡើយដែរ)
7. ដ្បិតស្តេចស៊ីរីបានទុកឲ្យយ៉ូអាហាស មានពលទ័ពតែប៉ុណ្ណេះ គឺឲ្យមានពលសេះ៥០នាក់ រទេះចំបាំង១០ និងពលថ្មើរជើង១ម៉ឺននាក់ ពីព្រោះស្តេចស៊ីរី បានរំលាងបំផ្លាញគេអស់ទៅហើយ ទាំងធ្វើឲ្យគេដូចជាលំអងធូលី ដែលនៅទីលានបញ្ជាន់ស្រូវ
8. រីឯដំណើរឯទៀត ពីយ៉ូអាហាស ហើយការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចរបស់ទ្រង់ នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
9. ចំណែកយ៉ូអាហាស ក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ គេបញ្ចុះទ្រង់នៅក្នុងក្រុងសាម៉ារី រួចយ៉ូអាស ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
10. នៅឆ្នាំទី៣៧ក្នុងរាជ្យយ៉ូអាសជាស្តេចយូដា នោះយ៉ូអាស ជាបុត្រយ៉ូអាហាស ក៏ចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី ក៏សោយរាជ្យបាន១៦ឆ្នាំ
11. ទ្រង់ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់មិនបានវៀរបង់លែងប្រព្រឹត្ត តាមអស់ទាំងអំពើបាប របស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាមនោះទេ គឺទ្រង់បានប្រព្រឹត្តតាមអំពើទាំងនោះវិញ
12. រីឯដំណើរឯទៀតពីយ៉ូអាស និងការទាំងប៉ុន្មានដែលទ្រង់ធ្វើ និងអំណាចទ្រង់ដែលបានប្រើ ដើម្បីច្បាំងនឹងអ័ម៉ាស៊ីយ៉ា ស្តេចយូដា នោះសុទ្ធតែបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលហើយ
13. យ៉ូអាសក៏ផ្ទំលក់ទៅជាមួយនឹងពួកអយ្យកោទ្រង់ទៅ រួចយេរ៉ូបោមបានសោយរាជ្យឡើងជំនួសទ្រង់ ហើយគេបញ្ចុះសពយ៉ូអាសនៅក្រុងសាម៉ារី ជាមួយនឹងពួកស្តេចអ៊ីស្រាអែល។
14. នៅគ្រានោះ អេលីសេលោកចាប់ឈឺ ដោយជំងឺដែលនាំឲ្យលោកស្លាប់ ហើយយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់យាងចុះទៅសួរលោក ក៏ឈ្ងោកយំនឹងលោក ដោយព្រះបន្ទូលថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នេះគឺជាព្រះរាជរថ និងទ័ពសេះ របស់ពួកអ៊ីស្រាអែលហើយ
15. អេលីសេទូលតបថា សូមយកធ្នូ និងព្រួញមក ទ្រង់ក៏យកធ្នូ និងព្រួញមកឯលោក
16. រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច
17. រួចលោកទូលថា សូមបើកបង្អួចខាងកើតទៅ ទ្រង់ក៏បើក អេលីសេទូលថា សូមបាញ់ទៅ ហើយទ្រង់ក៏បាញ់ លោកទូលថា នេះហើយជាព្រួញជ័យនៃព្រះយេហូវ៉ា គឺជាព្រួញជ័យជំនះដែលឈ្នះពួកសាសន៍ស៊ីរី ដ្បិតទ្រង់នឹងប្រហារពួកស៊ីរីនៅត្រង់អាផែក ទាល់តែគេវិនាសសាបសូន្យទៅ