9. ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកយកហឹប១មកចោះប្រហោងត្រង់គ្រប រួចដាក់ហឹបនៅខាងស្តាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅដាក់ក្នុងហឹបនោះ
10. រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហឹបហើយ នោះស្មៀនហ្លួង និងសំដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក
11. ឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសំដេចសង្ឃ នោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការ គឺជាពួកអ្នកដែលត្រួតត្រាការ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយអ្នកទាំងនោះក៏ចេញឲ្យ ដល់ពួកជាងឈើ និងពួកជាងផ្សេងៗ ដែលជួសជុលព្រះវិហារនៃព្រះយេហូវ៉ា
12. ហើយដល់ពួកជាងរៀបថ្ម និងពួកជាងដាប់ថ្ម ហើយសំរាប់ទិញឈើ និងថ្មដាប់ស្រាប់ សំរាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏សំរាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង
13. ប៉ុន្តែមិនបានយកប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅធ្វើជាគ្រឿងមាស គ្រឿងប្រាក់ ដូចជាពែង គ្របប្រឆេះ ចានក្លាំ ឬត្រែឡើយ
14. ដ្បិតគេបានឲ្យដល់ពួកជាង ដែលធ្វើការវិញ សំរាប់នឹងប្រើការជួសជុលព្រះវិហារព្រះយេហូវ៉ា