2. រីឯយ៉ូអាស ទ្រង់ប្រព្រឹត្តសេចក្តីដែលត្រឹមត្រូវ នៅព្រះនេត្រព្រះយេហូវ៉ា រហូតដល់អស់វេលា ដែលយេហូយ៉ាដាដ៏ជាសង្ឃបង្រៀនទ្រង់
3. ប៉ុន្តែមិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ហើយពួកបណ្តាជន គេនៅតែថ្វាយយញ្ញបូជា ព្រមទាំងដុតកំញាន នៅលើទីខ្ពស់ទាំងនោះនៅឡើយ។
4. យ៉ូអាស ទ្រង់មានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ ជាដំឡៃនៃដង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាដង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា
5. នោះត្រូវឲ្យពួកសង្ឃទទួលប្រាក់នោះ គឺត្រូវឲ្យគ្រប់គ្នាទទួលយកពីពួកអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលត្រង់កន្លែងបាក់បែកក្នុងព្រះវិហារ ទោះបើឃើញមានបាក់បែកនៅត្រង់ណាក៏ដោយ
6. ប៉ុន្តែដល់ឆ្នាំទី២៣ ក្នុងរាជ្យស្តេចយ៉ូអាស នោះពួកសង្ឃមិនទាន់បានជួសជុលកន្លែងបាក់បែក ក្នុងព្រះវិហារនៅឡើយ
7. ដូច្នេះ ស្តេចយ៉ូអាសទ្រង់ហៅយេហូយ៉ាដាដ៏ជាសង្ឃ និងពួកសង្ឃឯទៀតមកសួរថា ហេតុអ្វីបានជាមិនបានជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដូច្នេះ ឥឡូវនេះ មិនត្រូវឲ្យយកប្រាក់ពីពួកអ្នកដែលស្គាល់ទៀតទេ គឺត្រូវប្រគល់ប្រាក់នោះទៅ សំរាប់ជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារវិញ
8. ពួកសង្ឃក៏យល់ព្រមថា មិនត្រូវទទួលប្រាក់ពីពួកបណ្តាជនទៀត ក៏មិនត្រូវជួសជុលកន្លែងបាក់បែកក្នុងព្រះវិហារដែរ។
9. ឯយេហូយ៉ាដាដ៏ជាសង្ឃ លោកយកហឹប១មកចោះប្រហោងត្រង់គ្រប រួចដាក់ហឹបនៅខាងស្តាំអាសនា តាមផ្លូវចូលទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកសង្ឃដែលរក្សាត្រង់មាត់ទ្វារ ក៏យកអស់ទាំងប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា ទៅដាក់ក្នុងហឹបនោះ
10. រួចមកកាលឃើញថា មានប្រាក់ច្រើននៅក្នុងហឹបហើយ នោះស្មៀនហ្លួង និងសំដេចសង្ឃ ក៏ឡើងទៅរាប់ប្រាក់ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយច្រកក្នុងបាវទុក
11. ឯប្រាក់ដែលបានថ្លឹងប្រគល់មកក្នុងអំណាចសំដេចសង្ឃ នោះលោកក៏ចំណាយដល់ពួកជាងដែលធ្វើការ គឺជាពួកអ្នកដែលត្រួតត្រាការ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយអ្នកទាំងនោះក៏ចេញឲ្យ ដល់ពួកជាងឈើ និងពួកជាងផ្សេងៗ ដែលជួសជុលព្រះវិហារនៃព្រះយេហូវ៉ា
12. ហើយដល់ពួកជាងរៀបថ្ម និងពួកជាងដាប់ថ្ម ហើយសំរាប់ទិញឈើ និងថ្មដាប់ស្រាប់ សំរាប់នឹងជួសជុលត្រង់កន្លែងបាក់បែក ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ក៏សំរាប់អស់ទាំងការចំណាយ ដែលត្រូវចាយ ដើម្បីជួសជុលព្រះវិហារឡើង