3. បុត្រនោះក៏នៅជាមួយនឹងនាង លាក់ទុកក្នុងព្រះវិហារនៃព្រះយេហូវ៉ាអស់៦ឆ្នាំ ឯព្រះនាងអ័ថាលា បានសោយរាជ្យលើនគរ។
4. លុះដល់ឆ្នាំទី៧ នោះយេហូយ៉ាដាក៏ចាត់គេ ឲ្យទៅនាំពួកមេទ័ព ពួកនាយ និងពួកថ្មើរជើង មកឯលោកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា លោកក៏តាំងសញ្ញានឹងគេ ហើយឲ្យគេស្បថ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចបង្ហាញឲ្យគេឃើញបុត្រានៃស្តេចនោះ
5. លោកបង្គាប់គេថា ត្រូវឲ្យអ្នករាល់គ្នាធ្វើយ៉ាងនេះ គឺពួកអ្នករាល់គ្នា១ភាគក្នុង៣ ដែលចូលវេននៅថ្ងៃឈប់សំរាក នោះត្រូវត្រួតលើការចាំយាម រក្សានៅមន្ទីររបស់ស្តេច
6. ត្រូវឲ្យ១ភាគក្នុង៣ទៀត នៅត្រង់មាត់ទ្វារស៊ើរ ហើយ១ភាគក្នុង៣ទៀត នៅត្រង់ទ្វារខាងក្រោយទីនៃពួកចាំយាម អ្នករាល់គ្នាត្រូវចាំយាមរក្សាព្រះវិហារយ៉ាងនោះ កុំឲ្យអ្នកណាចូលឡើយ
7. ឯអ្នករាល់គ្នាទាំង២កង ដែលចេញវេននៅថ្ងៃឈប់សំរាក នោះត្រូវចាំយាមរក្សាព្រះវិហារនៃព្រះយេហូវ៉ា នៅព័ទ្ធជុំវិញស្តេច
8. ត្រូវឲ្យអ្នករាល់គ្នាកាន់គ្រឿងសស្រ្តាវុធ នៅដៃរៀងខ្លួនចោមព័ទ្ធស្តេច បើមានអ្នកណាចូលហួសថែវអ្នករាល់គ្នាមក នោះត្រូវសំឡាប់ចេញ ហើយត្រូវឲ្យអ្នករាល់គ្នានៅជាមួយនឹងស្តេច ក្នុងកាលដែលទ្រង់យាងចេញទៅ និងចូលមកផង។
9. ពួកមេទ័ព គេធ្វើតាមបង្គាប់យេហូយ៉ាដាដ៏ជាសង្ឃគ្រប់ជំពូក គេនាំយកពួកកងគេរៀងខ្លួន ជាពួកដែលចូលវេននៅថ្ងៃឈប់សំរាក និងពួកដែលចេញវេននៅថ្ងៃឈប់សំរាកដែរ មកឯយេហូយ៉ាដាដ៏ជាសង្ឃ
10. លោកក៏ចែកលំពែង និងខែលរបស់ស្តេចដាវីឌ ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដល់ពួកមេទ័ព
11. ដូច្នេះ ពួកចាំយាមគេក៏កាន់គ្រឿងសស្រ្តាវុធនៅដៃរៀងខ្លួន ឈរនៅព័ទ្ធជុំវិញស្តេច ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតដល់ខាងឆ្វេងតាមក្បែរអាសនាព្រះវិហារ
12. នោះលោកនាំព្រះរាជបុត្រានៃស្តេចចេញមក ហើយបំពាក់មកុដរាជ្យថ្វាយទ្រង់ ព្រមទាំងប្រគល់សេចក្តីបន្ទាល់ដល់ទ្រង់ តាំងឡើងជាស្តេច ហើយចាក់ប្រេងថ្វាយ នោះគេក៏ទះដៃបន្លឺឡើងថា សូមឲ្យព្រះករុណាប្រកបដោយសេចក្តីចំរើន។
13. កាលព្រះនាងអ័ថាលា បានឮសូរអឺងកងនៃពួកចាំយាម និងបណ្តាជនទាំងប៉ុន្មាន នោះព្រះនាងយាងចូលទៅឯគេ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា
14. ក៏ទតមើលទៅឃើញស្តេចទ្រង់ប្រថាប់ នៅលើទីថ្កល់ តាមទំនៀមមានទាំងពួកមេទ័ព និងពួកផ្លុំត្រែ ឈរនៅជិតផង ពួកបណ្តាជន ជាអ្នកស្រុកនោះទាំងអស់ ក៏រីករាយសប្បាយឡើង ទាំងផ្លុំត្រែផង ដូច្នេះព្រះនាងអ័ថាលាទ្រង់ហែកព្រះពស្រ្តស្រែកឡើងថា នេះជាការក្បត់ ជាការក្បត់ហើយ
15. តែយេហូយ៉ាដាដ៏ជាសង្ឃ លោកបង្គាប់ដល់ពួកមេទ័ពដែលត្រួតលើពលទ័ពថា ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសំឡាប់គេដោយដាវ នោះគឺពីព្រោះសង្ឃបានប្រាប់ថា កុំឲ្យសំឡាប់ព្រះនាងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាឡើយ