២ ពង្សាវតារក្សត្រ 10:22-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. នោះ​លោក​បង្គាប់​ដល់​អ្នក​រក្សា​អាវ ដែល​សំរាប់​ពាក់​ថ្វាយ‌បង្គំ​ថា ចូរ​យក​អាវ​មក ចែក​ឲ្យ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល​ទាំង​អស់​គ្នា​ទៅ អ្នក​នោះ​ក៏​ចែក​ឲ្យ​គ្រប់​គ្នា

23. រួច​យេហ៊ូវ និង​យ៉ូណា‌ដាប ជា​កូន​រេកាប ក៏​ចូល​ទៅ​ក្នុង​វិហារ​ព្រះ‌បាល​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ថា ចូរ​រក​មើល កុំ​ឲ្យ​មាន​អ្នក​ណា​ដែល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នៅ​ជា​មួយ​នៅ​ទី​នេះ​ឡើយ ឲ្យ​មាន​សុទ្ធ​តែ​ពួក​ថ្វាយ‌បង្គំ​ព្រះ‌បាល​ប៉ុណ្ណោះ

24. កាល​យេហ៊ូវ​បាន​ចូល​ទៅ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា និង​ដង្វាយ​ដុត នោះ​លោក​បាន​ដំរូវ​ឲ្យ​មនុស្ស​៨០​នាក់​នៅ​ជា​ខាង​ក្រៅ ដោយ​បង្គាប់​ថា បើ​អ្នក​ណា​ក្នុង​ពួក​អ្នក​ដែល​ខ្ញុំ​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​អ្នក​រាល់​គ្នា​បាន​រត់​រួច នោះ​អ្នក​ដែល​ឲ្យ​គេ​រួច​ទៅ នឹង​ត្រូវ​ស្លាប់​ជំនួស​អ្នក​នោះ​វិញ។

25. កាល​លោក​បាន​ថ្វាយ​ដង្វាយ​ដុត​រួច​ហើយ នោះ​ក៏​បង្គាប់​ដល់​ពួក​ចាំ​យាម និង​ពួក​មេ‌ទ័ព​ថា ចូរ​ឲ្យ​ចូល​ទៅ​សំឡាប់​គេ​ចុះ កុំ​ឲ្យ​អ្នក​ណា​មួយ​ចេញ​រួច​ឡើយ ដូច្នេះ គេ​ក៏​ប្រហារ​ជីវិត​អ្នក​ទាំង​នោះ​ដោយ​មុខ​ដាវ ឯ​ពួក​ចាំ​យាម និង​ពួក​មេ‌ទ័ព ក៏​បោះ​ខ្មោច​ចេញ​ទៅ​ក្រៅ រួច​គេ​ទៅ​ក្នុង​ទី​ក្រុង​នៃ​វិហារ​ព្រះ‌បាល​នោះ

26. ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល

27. ហើយ​វាយ​បំបាក់​រូប​ព្រះ ព្រម​ទាំង​បំផ្លាញ​វិហារ​ព្រះ‌បាល ធ្វើ​ឲ្យ​ទៅ​ជា​កន្លែង​បន្ទោ​លាមក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

28. គឺ​យ៉ាង​នោះ​ដែល​យេហ៊ូវ​បាន​បំបាត់​ព្រះ‌បាល ពី​ពួក​អ៊ីស្រា‌អែល​ចេញ។

29. ប៉ុន្តែ ត្រង់​ឯ​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល និង​នៅ​ក្រុង​ដាន់ នោះ​យេហ៊ូវ​មិន​បាន​លែង​ប្រព្រឹត្ត​តាម​ទេ

30. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យេហ៊ូវ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​ល្អ ដោយ​សំរេច​សេចក្តី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ហើយ​បាន​ធ្វើ​ដល់​ជំនួរ​វង្ស​របស់​អ័ហាប់ តាម​គ្រប់​ទាំង​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​អញ នោះ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​៤​ដំណ

31. តែ​យេហ៊ូវ​មិន​បាន​ប្រុង​ប្រយ័ត្ន និង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​អស់​ពី​ចិត្ត​ទេ គឺ​លោក​មិន​បាន​លែង​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល ធ្វើ​បាប​តាម​នោះ​ទេ។

32. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រា‌អែល គឺ​ហាសែល​ទ្រង់​មក​វាយ​សាសន៍​អ៊ីស្រា‌អែល នៅ​អស់​ទាំង​ព្រំ‌ដែន​ស្រុក​របស់​គេ

33. ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ទៅ​ខាង​កើត គឺ​ស្រុក​កាឡាត​ទាំង​អស់ ជា​ស្រុក​របស់​ពួក​កាឌ់ ពួក​រូបេន និង​ពួក​ម៉ាន៉ាសេ ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ស្រុក​កាឡាត និង​ស្រុក​បាសាន​ទាំង​មូល

34. រីឯ​ដំណើរ​ឯ​ទៀត​ពី​យេហ៊ូវ និង​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្វើ ហើយ​ពី​អំណាច​របស់​លោក​ទាំង​អស់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

២ ពង្សាវតារក្សត្រ 10