12. បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ
13. បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ។
14. ចូររំឭកគេពីសេចក្តីទាំងនេះ ហើយហាមប្រាមគេដោយដាច់ខាត នៅចំពោះព្រះអម្ចាស់ថា កុំឲ្យជជែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ ហើយក៏នាំពួកអ្នកដែលស្តាប់ ឲ្យវង្វេងផងនោះឡើយ
15. ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ
16. តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នឹងនាំឲ្យចំរើនសេចក្តីទមិលល្មើស កាន់តែច្រើនឡើងទេ
17. ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ ក្នុងពួកនោះមានឈ្មោះហ៊ីមេនាស និងភីលេត
18. ដែលបានជ្រួសហួសចេញពីសេចក្តីពិត ទាំងនិយាយថា សេចក្តីរស់ឡើងវិញបានកន្លងទៅហើយ គេក៏បង្ខូចសេចក្តីជំនឿរបស់អ្នកខ្លះដែរ
19. ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់
20. នៅក្នុងផ្ទះធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់មាសប្រាក់ម្យ៉ាងទេ គឺមានប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសំរាប់ការប្រសើរ ខ្លះសំរាប់ការអាប់ឱនវិញ
21. ដូច្នេះ បើអ្នកណាបានសំអាតខ្លួន ពីសេចក្តីទាំងនោះ អ្នកនោះនឹងបានជាប្រដាប់សំរាប់ការប្រសើរ ដោយបានញែកជាបរិសុទ្ធហើយ ក៏មានប្រយោជន៍ដល់ម្ចាស់ផង ទុកជាប្រដាប់ដែលបានរៀបចំ សំរាប់ការល្អគ្រប់ជំពូក។
22. ចូរឲ្យរត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្តីសុចរិត សេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ
23. កុំឲ្យព្រមស្តាប់សេចក្តីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្តីទាំងនោះនាំឲ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ