1. មួយសោតទៀត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានដំកើងឡើង ដូចនៅក្នុងពួកអ្នករាល់គ្នាដែរ
2. ហើយឲ្យយើងខ្ញុំបានរួចពីមនុស្សវៀច និងពីមនុស្សអាក្រក់ចេញ ដ្បិតមិនមែនមនុស្សទាំងអស់ ដែលមានសេចក្តីជំនឿទេ
3. តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាឲ្យរួចពីសេចក្តីអាក្រក់ផង
4. យើងខ្ញុំក៏ទុកចិត្តនឹងព្រះអម្ចាស់ ពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយនឹងប្រព្រឹត្តតទៅទៀត តាមអស់ទាំងសេចក្តីដែលយើងខ្ញុំបានផ្តាំទុកដែរ
5. សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្តីស្រឡាញ់នៃព្រះ និងសេចក្តីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ។