7. ដ្បិតសេចក្តីអាថ៌កំបាំងរបស់ការទទឹងច្បាប់ កំពុងតែបណ្តាលឡើងហើយ ប៉ុន្តែ មាន១អង្គដែលឃាត់ឃាំងវាសព្វថ្ងៃនេះ ទាល់តែបានដកទ្រង់ចេញទៅ
8. នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក
9. អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្សសាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសំគាល់ និងការអស្ចារ្យដ៏កំភូត
10. ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ
11. ហេតុនោះបានជាព្រះ ទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមក បណ្តាលឲ្យគេជឿតាមសេចក្តីភូតភរវិញ
12. ដើម្បីឲ្យអស់មនុស្សណាដែលមិនជឿតាមសេចក្តីពិត គឺពេញចិត្តនឹងសេចក្តីទុច្ចរិត នោះបានជាប់មានទោសវិញ។
13. ឱបងប្អូនដ៏ជាស្ងួនភ្ងានៃព្រះអម្ចាស់អើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះអង្គជានិច្ច ពីដំណើរអ្នករាល់គ្នា ពីព្រោះព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្តីពិតផង
14. ទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីទាំងនោះ ដោយសារដំណឹងល្អនៃយើងខ្ញុំ ប្រយោជន៍ឲ្យបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង