1. ឥឡូវនេះ បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់ត្រូវយាងមក ហើយយើងរាល់គ្នាត្រូវប្រជុំគ្នានៅចំពោះទ្រង់ នោះយើងខ្ញុំសូមអង្វរដល់អ្នករាល់គ្នាថា
2. កុំឲ្យអ្នករាល់គ្នាឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយអ្វី ទោះបើដោយសារវិញ្ញាណណា ឬពាក្យសំដីណា ឬសំបុត្រណា ដូចជាមកពីយើងខ្ញុំក្តី ដែលថាថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយនោះឡើយ
3. កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស
4. ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង
5. តើឯងអ្នករាល់គ្នាមិននឹកចាំទេឬអីថា ក្នុងគ្រាដែលខ្ញុំនៅជាមួយ នោះខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្តីទាំងនេះដែរ
6. ហើយឥឡូវនេះ អ្នករាល់គ្នាស្គាល់សេចក្តីដែលឃាត់វា ប្រយោជន៍ឲ្យវាបានលេចមកតែក្នុងពេលវេលារបស់វាប៉ុណ្ណោះ
7. ដ្បិតសេចក្តីអាថ៌កំបាំងរបស់ការទទឹងច្បាប់ កំពុងតែបណ្តាលឡើងហើយ ប៉ុន្តែ មាន១អង្គដែលឃាត់ឃាំងវាសព្វថ្ងៃនេះ ទាល់តែបានដកទ្រង់ចេញទៅ
8. នោះទើបអាទទឹងច្បាប់នោះនឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក
9. អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្សសាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសំគាល់ និងការអស្ចារ្យដ៏កំភូត
10. ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ
11. ហេតុនោះបានជាព្រះ ទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមក បណ្តាលឲ្យគេជឿតាមសេចក្តីភូតភរវិញ