២ កូរិនថូស 8:13-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ការ​នោះ​មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​ទំនេរ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​លំបាក​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ ឲ្យ​សេចក្ដី​បរិបូរ​របស់​អ្នក​រាល់​គ្នា​ក្នុង​ជាន់​នេះ​បាន​បំពេញ​ការ​ដែល​គេ​ខ្វះ​ខាត

14. ដើម្បី​កាល​ណា​គេ​មាន​បរិបូរ នោះ​នឹង​បាន​បំពេញ​ការ ដែល​អ្នក​រាល់​គ្នា​ខ្វះ​ខាត​វិញ ប្រយោជន៍​ឲ្យ​បាន​ស្មើ​គ្នា​ឡើង

15. ដូច​ជា​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «អ្នក​ណា​ដែល​រើស​បាន​ច្រើន នោះ​គ្មាន​សល់​ឡើយ ឯ​អ្នក​ដែល​រើស​បាន​តិច នោះ​មិន​បាន​ខ្វះ​ទេ»។

16. អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​បាន​បណ្តាល​ចិត្ត​ទីតុស ឲ្យ​មាន​សេចក្ដី​ឧស្សាហ៍​នោះ ដល់​អ្នក​រាល់​គ្នា​ដែរ

17. គាត់​បាន​ទទួល​សេចក្ដី​ទូន្មាន​នោះ តែ​ដោយ​ព្រោះ​គាត់​មាន​សេចក្ដី​ឧស្សាហ៍​លើស​ទៅ​ទៀត បាន​ជា​គាត់​មក​ឯ​អ្នក​រាល់​គ្នា តាម​បំណង​ចិត្ត​គាត់​វិញ

18. ហើយ​យើង​ខ្ញុំ​បាន​ចាត់​បង​ប្អូន​ម្នាក់ ឲ្យ​មក​ជា​មួយ​ដែរ អ្នក​នោះ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ដំណឹង​ល្អ នៅ​គ្រប់​ទាំង​ពួក​ជំនុំ

19. មិន​តែ​ប៉ុណ្ណោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន​ក៏​រើស​អ្នក​នោះ ឲ្យ​បាន​ដើរ​ដំណើរ​ជា​មួយ​នឹង​យើង​ខ្ញុំ ក្នុង​ការ​ធ្វើ​ទាន​នេះ​ដែរ ជា​ការ​ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង សំរាប់​ជា​សិរី‌ល្អ​ដល់​ព្រះ‌អម្ចាស់ ហើយ​ដើម្បី​នឹង​សំដែង​សេចក្ដី​ប្រុង​ប្រៀប​របស់​អ្នក​រាល់​គ្នា

20. ព្រម​ទាំង​ខំ​ចៀស​វាង មិន​ឲ្យ​គេ​បន្ទោស​យើង​ខ្ញុំ ពី​ដំណើរ​ទាន​ដ៏​បរិបូរ​នេះ ដែល​យើង​ខ្ញុំ​ទទួល​រ៉ាប់រង​ឡើយ

21. ដ្បិត​យើង​ខ្ញុំ​ខំ​ធ្វើ​ការ​ល្អ មិន​មែន​នៅ​ចំពោះ​ព្រះ‌អម្ចាស់​តែ​ប៉ុណ្ណោះ គឺ​នៅ​ចំពោះ​មនុស្ស​លោក​ដែរ

២ កូរិនថូស 8