11. ដោយអ្នករាល់គ្នាខំប្រឹងជួយអង្វរជួសយើងខ្ញុំផង ដើម្បីឲ្យអំណោយទាននោះ ដែលបានប្រទានមកយើងខ្ញុំ ដោយសារមនុស្សជាច្រើន បានត្រឡប់ជាហេតុ ឲ្យមនុស្សជាច្រើនបានអរព្រះគុណ ដោយព្រោះយើងខ្ញុំ។
12. ដ្បិតសេចក្ដីអំនួតរបស់យើងខ្ញុំ នោះគឺជាសេចក្ដីបន្ទាល់របស់បញ្ញាចិត្តយើងខ្ញុំ ដែលសំដែងថា យើងខ្ញុំបានប្រព្រឹត្តក្នុងលោកីយ៍នេះ ហើយដល់អ្នករាល់គ្នាលើសទៅទៀត ដោយសេចក្ដីបរិសុទ្ធ និងសេចក្ដីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណនៃព្រះវិញ
13. យើងខ្ញុំមិនសរសេរសេចក្ដីណាផ្សេងទៀត ផ្ញើមកអ្នករាល់គ្នា ក្រៅពីសេចក្ដីដែលបានអានមើល និងយល់ព្រមហើយនោះទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ព្រមតាមសេចក្ដីនោះឯង ដរាបដល់ចុងបំផុតដែរ
14. ដូចជាអ្នករាល់គ្នាខ្លះបានយល់ព្រមហើយថា យើងខ្ញុំជាទីអំនួតរបស់អ្នករាល់គ្នា ដូចជាអ្នករាល់គ្នាក៏ជាទីអំនួតរបស់យើងខ្ញុំដែរ នៅថ្ងៃនៃព្រះអម្ចាស់យេស៊ូវ។
15. ដោយព្រោះខ្ញុំមានសេចក្ដីសង្ឃឹមនោះ បានជាខ្ញុំគិតនឹងមកឯអ្នករាល់គ្នាពីកាលមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណមួយលើកទៀត
16. ហើយឲ្យខ្ញុំបានហួសទៅឯស្រុកម៉ាសេដូន ដោយសារអ្នករាល់គ្នា រួចសឹមត្រឡប់មកឯអ្នករាល់គ្នាវិញ ដើម្បីឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំ ទៅឯស្រុកយូដាផង
17. ដូច្នេះ ដែលខ្ញុំសំរេចធ្វើយ៉ាងនោះ តើខ្ញុំបានប្រព្រឹត្តដោយចិត្តសាវាឬអី ឬការដែលខ្ញុំសំរេចនឹងធ្វើ តើបានសំរេចតាមសាច់ឈាមបានជាជួនកាលខ្ញុំថា «បាទ» ជួនកាលថា «ទេ» វិញឬអី
18. រីឯព្រះ ទ្រង់ស្មោះត្រង់ បានជាពាក្យសំដីដែលយើងខ្ញុំនិយាយនឹងអ្នករាល់គ្នា នោះមិនមែនថា «បាទ»ផង «ទេ»ផងឡើយ
19. ដ្បិតព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ដែលយើងខ្ញុំ គឺខ្លួនខ្ញុំ ស៊ីលវ៉ាន និងធីម៉ូថេ បានប្រកាសប្រាប់ក្នុងពួកអ្នករាល់គ្នា ទ្រង់មិនមែនជា «បាទ»ផង «ទេ»ផងនោះទេ គឺមានតែ «បាទ» សុទ្ធនៅក្នុងទ្រង់ប៉ុណ្ណោះ
20. ដ្បិតទោះបើមានសេចក្ដីសន្យារបស់ព្រះយ៉ាងណាក៏ដោយ ក៏នៅសុទ្ធតែជា «បាទ»ក្នុងទ្រង់ ហើយ«អាម៉ែន»ក្នុងទ្រង់ដែរ សំរាប់នឹងចំរើនសិរីល្អដល់ព្រះ ដោយសារយើងរាល់គ្នា
21. រីឯអ្នកដែលតាំងយើងខ្ញុំ ឲ្យខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ជាមួយនឹងអ្នករាល់គ្នា ហើយដែលចាក់ប្រេងឲ្យយើង នោះគឺជាព្រះ
22. ទ្រង់ក៏បានដៅចំណាំយើងរាល់គ្នា ហើយបានប្រទានព្រះវិញ្ញាណមកបញ្ចាំចិត្តយើងរាល់គ្នាផង។