2. គាត់មានកូនកំឡោះម្នាក់ ឈ្មោះសូលដែលមានរូបឆោមល្អណាស់ ក្នុងបណ្តាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកំពស់ ត្រឹមតែស្មារបស់គាត់ទេ
3. សម័យនោះ ហ្វូងលារបស់គីស ជាឪពុកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅសូល ជាកូនថា ចូរឯង និងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ
4. ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម និងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។
5. លុះកាលបានទៅដល់ស្រុកស៊ូភហើយ នោះសូលនិយាយទៅបាវដែលទៅជាមួយថា ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកអញលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង
6. បាវនោះឆ្លើយថា មើល មានអ្នកសំណប់របស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្តីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះប្រហែលជាលោកនឹងប្រាប់យើង ពីផ្លូវដែលត្រូវទៅបាន
7. តែសូលឆ្លើយថា បើសិនជាយើងទៅ តើយើងមានអ្វីយកទៅជូនលោក ដ្បិតអាហារក្នុងសំពាយរបស់យើងអស់រលីងហើយ គ្មានអ្វីនឹងយកទៅជូនដល់អ្នកសំណប់របស់ព្រះនោះទេ តើនៅមានអ្វីដែរឬទេ
8. បាវឆ្លើយជំរាបទៅសូលម្តងទៀតថា មើល ខ្ញុំមានប្រាក់២កាក់នៅដៃ ខ្ញុំនឹងជូនដល់លោក ឲ្យលោកបង្ហាញផ្លូវយើង
9. (កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា ចូរយើងទៅឯអ្នកមើលឆុត ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)
10. ដូច្នេះ សូលក៏ឆ្លើយតបទៅបាវថា អើ ស្រួលហើយ ចូរយើងទៅចុះ នោះគេក៏ទៅឯក្រុងនោះ ជាកន្លែងដែលអ្នកសំណប់របស់ព្រះអាស្រ័យនៅ។
11. កំពុងដែលគេដើរតាមផ្លូវឡើងទៅឯទីក្រុង នោះគេជួបប្រទះនឹងពួកស្រីក្រមុំៗដែលចេញមកដងទឹក ហើយក៏សួរថា តើអ្នកមើលឆុតនៅទីនេះឬអី