13. កាលណាអ្នកចូលទៅក្នុងទីក្រុង នោះអ្នកនឹងឃើញលោកហើយ មុនដែលលោកឡើងទៅពិសានៅលើទីខ្ពស់នោះ ដ្បិតពួកបណ្តាជនមិនបរិភោគឡើយ ទាល់តែលោកអញ្ជើញទៅដល់ ពីព្រោះគឺលោកហើយ ដែលត្រូវឲ្យពរដល់យញ្ញបូជានោះ ទើបពួកភ្ញៀវបរិភោគជាខាងក្រោយ ដូច្នេះ អញ្ជើញអ្នកឡើងទៅចុះ ដ្បិតថ្មើរណេះអ្នកនឹងរកលោកឃើញ។
14. ដូច្នេះ គេក៏ឡើងទៅឯទីក្រុង កាលគេកំពុងតែចូលទៅ នោះមើល សាំយូអែលក៏ចេញមកនៅប្រទល់មុខ ដើម្បីនឹងឡើងទៅឯទីខ្ពស់។
15. រីឯ១ថ្ងៃមុនដែលសូលបានមកដល់ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលប្រាប់សាំយូអែលថា
16. ដល់ថ្ងៃស្អែកពេលថ្មើរណេះ អញនឹងចាត់មនុស្សម្នាក់ពីស្រុកបេនយ៉ាមីនមកឯឯង ត្រូវឲ្យឯងចាក់ប្រេងតាំងអ្នកនោះឲ្យគ្រប់គ្រងលើពួកអ៊ីស្រាអែល ជារាស្ត្រអញចុះ អ្នកនោះនឹងជួយសង្គ្រោះរាស្ត្រអញ ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន ដ្បិតអញបានក្រឡេកមើលទៅរាស្ត្រអញ ពីព្រោះសំរែករបស់គេបានឮមកដល់អញហើយ
17. ដូច្នេះ កាលសាំយូអែលបានឃើញសូល នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នេះហើយជាមនុស្សដែលអញបានប្រាប់ឯង គឺអ្នកនេះឯង ដែលត្រូវសោយរាជ្យលើរាស្ត្ររបស់អញ
18. គ្រានោះ សូលបានចូលទៅជិតសាំយូអែល នៅត្រង់កណ្តាលទ្វារក្រុងសួរថា សូមលោកប្រាប់ខ្ញុំ តើផ្ទះគ្រូដែលមើលឆុតនៅឯណា
19. នោះសាំយូអែលឆ្លើយថា គឺខ្ញុំនេះហើយជាអ្នកមើលឆុត ចូរអ្នកឡើងទៅឯទីខ្ពស់មុនខ្ញុំចុះ ដ្បិតត្រូវឲ្យអ្នកបរិភោគជាមួយនឹងខ្ញុំនៅថ្ងៃនេះ រួចដល់ព្រឹកឡើងខ្ញុំនឹងឲ្យអ្នកអញ្ជើញទៅ ហើយនឹងប្រាប់ពីគ្រប់ទាំងសេចក្តីដែលអ្នកប៉ងក្នុងចិត្តដែរ
20. ឯហ្វូងលាដែលបានវង្វេងបាត់៣ថ្ងៃមកហើយ នោះកុំឲ្យធុរៈឡើយ ដ្បិតបានឃើញហើយ ១ទៀត តើសេចក្តីប៉ងប្រាថ្នារបស់សាសន៍អ៊ីស្រាអែលសំរេចលើអ្នកណា តើមិនសំរេចលើអ្នក និងពួកគ្រួឪពុកអ្នកទេឬអី
21. តែសូលឆ្លើយថា តើខ្ញុំមិនមែនជាពួកបេនយ៉ាមីនជាពូជអំបូរតូចជាងគេក្នុងបណ្តាសាសន៍អ៊ីស្រាអែលទេឬអី ហើយពួកគ្រួខ្ញុំ តើមិនមែនជាតូចទាបជាងអស់ទាំងគ្រួ ក្នុងពូជអំបូរបេនយ៉ាមីនដែរទេឬអី ដូច្នេះ ហេតុអ្វីបានជាលោកមានប្រសាសន៍នឹងខ្ញុំយ៉ាងនេះ។
22. សាំយូអែលក៏នាំយកសូល និងអ្នកបំរើ ចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខ១ក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជា៣០នាក់
23. រួចលោកប្រាប់ទៅអ្នកធ្វើបាយថា ចូរយកចំណែក១ដែលអញបានប្រគល់ឲ្យឯងដោយប្រាប់ថា ចូរទុកដោយខ្លួននោះមក
24. ដូច្នេះ អ្នកធ្វើបាយ ក៏យកស្មា និងសាច់ដែលនៅជាប់នោះ មកដាក់នៅមុខសូល រួចសាំយូអែលប្រាប់ថា មើល នេះជារបស់ដែលបានបំរុងទុកឲ្យអ្នក អញ្ជើញពីសាចុះ ដ្បិតបានបំរុងទុកដល់ពេលកំណត់សំរាប់អ្នក ចាប់តាំងពីខ្ញុំបានអញ្ជើញពួកជនមក ដូច្នេះ សូលក៏បរិភោគជាមួយនឹងសាំយូអែលនៅថ្ងៃនោះ។
25. កាលគេបានចុះពីទីខ្ពស់មកក្នុងទីក្រុងវិញ នោះសាំយូអែល និងសូលក៏និយាយគ្នានៅលើដំបូលផ្ទះ