1. រីឯមានពួកបេនយ៉ាមីនម្នាក់ ឈ្មោះគីស ជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោៗ ជាកូនបេកូរ៉ាៗជាកូនអ័ភីយ៉ាៗជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន
2. គាត់មានកូនកំឡោះម្នាក់ ឈ្មោះសូលដែលមានរូបឆោមល្អណាស់ ក្នុងបណ្តាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកំពស់ ត្រឹមតែស្មារបស់គាត់ទេ
3. សម័យនោះ ហ្វូងលារបស់គីស ជាឪពុកសូល បានវង្វេងបាត់ទៅ នោះគីសនិយាយទៅសូល ជាកូនថា ចូរឯង និងបាវម្នាក់នាំគ្នាទៅរកហ្វូងលាទៅ
4. ដូច្នេះ គាត់បានដើរកាត់ស្រុកភ្នំអេប្រាអិម និងស្រុកសាលីសា តែរកហ្វូងលាមិនឃើញសោះ រួចនាំគ្នាដើរកាត់ស្រុកសាលីម តែមិនឃើញនៅស្រុកនោះដែរ ក៏ដើរកាត់ស្រុកបេនយ៉ាមីនទៀត តែរកមិនឃើញសោះឡើយ។
5. លុះកាលបានទៅដល់ស្រុកស៊ូភហើយ នោះសូលនិយាយទៅបាវដែលទៅជាមួយថា ឥឡូវនេះ ចូរយើងវិលត្រឡប់ទៅវិញ ក្រែងឪពុកអញលែងគិតពីហ្វូងលា ដោយព្រួយចិត្តនឹងយើង