១ សាំយូអែល 9:1-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​មាន​ពួក​បេន‌យ៉ា‌មីន​ម្នាក់ ឈ្មោះ​គីស ជា​កូន​អ័បៀល ដែល​អ័បៀល​ជា​កូន​សេរ៉ោៗ ជា​កូន​បេ‌កូរ៉ាៗ​ជា​កូន​អ័ភីយ៉ាៗ​ជា​កូន​ពួក​បេន‌យ៉ា‌មីន​ម្នាក់ អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន

2. គាត់​មាន​កូន​កំឡោះ​ម្នាក់ ឈ្មោះ​សូល​ដែល​មាន​រូប‌ឆោម​ល្អ​ណាស់ ក្នុង​បណ្តា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គ្មាន​អ្នក​ណា​ល្អ​ជាង​ទេ គាត់​មាន​មាឌ​ខ្ពស់​ជាង​គេ​ទាំង​អស់ ឯ​ពួក​គេ​មាន​កំពស់ ត្រឹម​តែ​ស្មា​របស់​គាត់​ទេ

3. សម័យ​នោះ ហ្វូង​លា​របស់​គីស ជា​ឪពុក​សូល បាន​វង្វេង​បាត់​ទៅ នោះ​គីស​និយាយ​ទៅ​សូល ជា​កូន​ថា ចូរ​ឯង និង​បាវ​ម្នាក់​នាំ​គ្នា​ទៅ​រក​ហ្វូង​លា​ទៅ

4. ដូច្នេះ គាត់​បាន​ដើរ​កាត់​ស្រុក​ភ្នំ​អេប្រា‌អិម និង​ស្រុក​សាលីសា តែ​រក​ហ្វូង​លា​មិន​ឃើញ​សោះ រួច​នាំ​គ្នា​ដើរ​កាត់​ស្រុក​សាលីម តែ​មិន​ឃើញ​នៅ​ស្រុក​នោះ​ដែរ ក៏​ដើរ​កាត់​ស្រុក​បេន‌យ៉ា‌មីន​ទៀត តែ​រក​មិន​ឃើញ​សោះ​ឡើយ។

5. លុះ​កាល​បាន​ទៅ​ដល់​ស្រុក​ស៊ូភ​ហើយ នោះ​សូល​និយាយ​ទៅ​បាវ​ដែល​ទៅ​ជា​មួយ​ថា ឥឡូវ​នេះ ចូរ​យើង​វិល​ត្រឡប់​ទៅ​វិញ ក្រែង​ឪពុក​អញ​លែង​គិត​ពី​ហ្វូង​លា ដោយ​ព្រួយ​ចិត្ត​នឹង​យើង

6. បាវ​នោះ​ឆ្លើយ​ថា មើល មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​នៅ​ក្រុង​នេះ ជា​អ្នក​ដែល​គេ​រាប់​អាន​គ្រប់​គ្នា ឯ​អស់​ទាំង​សេចក្តី​ណា​ដែល​លោក​ថា នោះ​រមែង​កើត​មក​ជា​មិន​ខាន ដូច្នេះ សូម​យើង​ទៅ​ឯ​ណោះ​ចុះ​ប្រហែល​ជា​លោក​នឹង​ប្រាប់​យើង ពី​ផ្លូវ​ដែល​ត្រូវ​ទៅ​បាន

7. តែ​សូល​ឆ្លើយ​ថា បើ​សិន​ជា​យើង​ទៅ តើ​យើង​មាន​អ្វី​យក​ទៅ​ជូន​លោក ដ្បិត​អាហារ​ក្នុង​សំពាយ​របស់​យើង​អស់​រលីង​ហើយ គ្មាន​អ្វី​នឹង​យក​ទៅ​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ​នោះ​ទេ តើ​នៅ​មាន​អ្វី​ដែរ​ឬ​ទេ

8. បាវ​ឆ្លើយ​ជំរាប​ទៅ​សូល​ម្តង​ទៀត​ថា មើល ខ្ញុំ​មាន​ប្រាក់​២​កាក់​នៅ​ដៃ ខ្ញុំ​នឹង​ជូន​ដល់​លោក ឲ្យ​លោក​បង្ហាញ​ផ្លូវ​យើង

9. (កាល​ពី​ដើម នៅ​ស្រុក​អ៊ីស្រា‌អែល កាល​ណា​មនុស្ស​ម្នាក់​ទៅ​សួរ​ដល់​ព្រះ នោះ​គេ​តែង​និយាយ​ថា ចូរ​យើង​ទៅ​ឯ​អ្នក​មើល‌ឆុត ដ្បិត​អ្នក​ដែល​សព្វ​ថ្ងៃ​នេះ​ហៅ​ថា ហោរា នោះ​ពី​ដើម​គេ​ហៅ​ថា អ្នក​មើល‌ឆុត​វិញ)

10. ដូច្នេះ សូល​ក៏​ឆ្លើយ​តប​ទៅ​បាវ​ថា អើ ស្រួល​ហើយ ចូរ​យើង​ទៅ​ចុះ នោះ​គេ​ក៏​ទៅ​ឯ​ក្រុង​នោះ ជា​កន្លែង​ដែល​អ្នក​សំណប់​របស់​ព្រះ​អាស្រ័យ​នៅ។

11. កំពុង​ដែល​គេ​ដើរ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​ទី​ក្រុង នោះ​គេ​ជួប​ប្រទះ​នឹង​ពួក​ស្រី​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ហើយ​ក៏​សួរ​ថា តើ​អ្នក​មើល‌ឆុត​នៅ​ទី​នេះ​ឬ​អី

12. នាង​ទាំង​នោះ​ឆ្លើយ​ថា ចាស មែន​ហើយ មើល លោក​បាន​ដើរ​ទៅ​ខាង​មុខ​នុ៎ះ អញ្ជើញ​ទៅ​ជា​ប្រញាប់​ទៅ ដ្បិត​ថ្ងៃ​នេះ​លោក​ទើប​នឹង​មក​ដល់​ទី​ក្រុង ពី​ព្រោះ​បណ្តា‌ជន​គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​ទី​ខ្ពស់​នៅ​ថ្ងៃ​នេះ

13. កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ទី​ក្រុង នោះ​អ្នក​នឹង​ឃើញ​លោក​ហើយ មុន​ដែល​លោក​ឡើង​ទៅ​ពិសា​នៅ​លើ​ទី​ខ្ពស់​នោះ ដ្បិត​ពួក​បណ្តា‌ជន​មិន​បរិភោគ​ឡើយ ទាល់​តែ​លោក​អញ្ជើញ​ទៅ​ដល់ ពី​ព្រោះ​គឺ​លោក​ហើយ ដែល​ត្រូវ​ឲ្យ​ពរ​ដល់​យញ្ញ‌បូជា​នោះ ទើប​ពួក​ភ្ញៀវ​បរិភោគ​ជា​ខាង​ក្រោយ ដូច្នេះ អញ្ជើញ​អ្នក​ឡើង​ទៅ​ចុះ ដ្បិត​ថ្មើរ​ណេះ​អ្នក​នឹង​រក​លោក​ឃើញ។

14. ដូច្នេះ គេ​ក៏​ឡើង​ទៅ​ឯ​ទី​ក្រុង កាល​គេ​កំពុង​តែ​ចូល​ទៅ នោះ​មើល សាំយូ‌អែល​ក៏​ចេញ​មក​នៅ​ប្រទល់​មុខ ដើម្បី​នឹង​ឡើង​ទៅ​ឯ​ទី​ខ្ពស់។

15. រីឯ​១​ថ្ងៃ​មុន​ដែល​សូល​បាន​មក​ដល់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​សាំយូ‌អែល​ថា

16. ដល់​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​ណេះ អញ​នឹង​ចាត់​មនុស្ស​ម្នាក់​ពី​ស្រុក​បេន‌យ៉ា‌មីន​មក​ឯ​ឯង ត្រូវ​ឲ្យ​ឯង​ចាក់​ប្រេង​តាំង​អ្នក​នោះ​ឲ្យ​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ចុះ អ្នក​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​អញ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន ដ្បិត​អញ​បាន​ក្រឡេក​មើល​ទៅ​រាស្ត្រ​អញ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​មក​ដល់​អញ​ហើយ

17. ដូច្នេះ កាល​សាំយូ‌អែល​បាន​ឃើញ​សូល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​មនុស្ស​ដែល​អញ​បាន​ប្រាប់​ឯង គឺ​អ្នក​នេះ​ឯង ដែល​ត្រូវ​សោយ‌រាជ្យ​លើ​រាស្ត្រ​របស់​អញ

18. គ្រា​នោះ សូល​បាន​ចូល​ទៅ​ជិត​សាំយូ‌អែល នៅ​ត្រង់​កណ្តាល​ទ្វារ​ក្រុង​សួរ​ថា សូម​លោក​ប្រាប់​ខ្ញុំ តើ​ផ្ទះ​គ្រូ​ដែល​មើល‌ឆុត​នៅ​ឯ​ណា

១ សាំយូអែល 9