9. ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្តីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។
10. គេក៏ធ្វើដូច្នោះ គឺគេយកគោញី២ដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ
11. ហើយយកហឹបនៃព្រះយេហូវ៉ា មកដាក់លើរទេះ ព្រមទាំងប្រអប់ ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង
12. រួចគោនោះក៏ចេញដំរង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស
13. គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ លុះងើបភ្នែកឡើង ក៏អរសប្បាយ ដោយឃើញហឹបនៃព្រះមកវិញ
14. រទេះក៏មកដល់ក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្ម១ធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាដង្វាយដុតដល់ព្រះយេហូវ៉ា
15. ពួកលេវីគេយកហឹបនៃព្រះយេហូវ៉ា និងប្រអប់ដែលមានគ្រឿងមាសទាំងប៉ុន្មាន ចុះមកដាក់លើថ្មធំនោះ រួចពួកបេត-សេមែសក៏ថ្វាយដង្វាយដុត និងយញ្ញបូជាដល់ព្រះយេហូវ៉ានៅថ្ងៃនោះឯង
16. កាលពួកមេនៃសាសន៍ភីលីស្ទីនទាំង៥នាក់បានឃើញហើយ នោះគេនាំគ្នាត្រឡប់ទៅឯក្រុងអេក្រុនវិញ នៅថ្ងៃនោះដែរ។
17. ឯរូបឫសដូងបាតធ្វើពីមាស ដែលពួកភីលីស្ទីនគេថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយដោយព្រោះការរំលង នោះគឺ១ពីក្រុងអាសដូឌ ១ពីក្រុងកាសា ១ពីក្រុងអាសកាឡូន ១ពីក្រុងកាថ ហើយ១ពីក្រុងអេក្រុន
18. ក៏មានរូបកណ្តុរមាស តាមចំនួនទីក្រុងនៃសាសន៍ភីលីស្ទីនដែលជារបស់ផងមេទាំង៥នាក់នោះដែរ គឺទាំងក្រុងមានកំផែង និងភូមិនៅស្រុកស្រែទាំងប៉ុន្មានផង ពីគ្រប់ក្នុងស្រុកភីលីស្ទីនរហូតដល់ថ្មធំ ជាទីដែលគេបានដាក់ហឹបនៃព្រះយេហូវ៉ានោះ ឯថ្មនោះក៏នៅក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែស ដរាបដល់សព្វថ្ងៃនេះ។
19. ព្រះយេហូវ៉ាទ្រង់ប្រហារពួកបេត-សេមែសដែរ ពីព្រោះគេបានបើកមើលទៅក្នុងហឹបនៃព្រះយេហូវ៉ា ទ្រង់ប្រហារជីវិតគេអស់៧០នាក់ ក្នុង៥ម៉ឺននាក់ នោះគេក៏យំសោក ដោយព្រោះព្រះយេហូវ៉ាបានវាយសំឡាប់គេអស់ជាច្រើនដូច្នេះ
20. ពួកបេត-សេមែសនិយាយឡើងថា តើមានអ្នកឯណាអាចនឹងឈរនៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បរិសុទ្ធនេះបាន តើទ្រង់ត្រូវចេញពីយើងខ្ញុំឡើងទៅឯអ្នកណាវិញ
21. រួចគេចាត់មនុស្ស ឲ្យទៅឯពួកគារយ៉ាត់-យារីមប្រាប់ថា ពួកភីលីស្ទីនបាននាំយកហឹបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះសូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ។