7. ដូច្នេះ ចូរធ្វើរទេះ១ថ្មី ហើយយកគោញី២ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ
8. នោះត្រូវយកហឹបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហឹប រួចលែងវាឲ្យនាំទៅវិញចុះ
9. ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្តីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។
10. គេក៏ធ្វើដូច្នោះ គឺគេយកគោញី២ដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ
11. ហើយយកហឹបនៃព្រះយេហូវ៉ា មកដាក់លើរទេះ ព្រមទាំងប្រអប់ ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង
12. រួចគោនោះក៏ចេញដំរង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស
13. គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ លុះងើបភ្នែកឡើង ក៏អរសប្បាយ ដោយឃើញហឹបនៃព្រះមកវិញ
14. រទេះក៏មកដល់ក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្ម១ធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាដង្វាយដុតដល់ព្រះយេហូវ៉ា
15. ពួកលេវីគេយកហឹបនៃព្រះយេហូវ៉ា និងប្រអប់ដែលមានគ្រឿងមាសទាំងប៉ុន្មាន ចុះមកដាក់លើថ្មធំនោះ រួចពួកបេត-សេមែសក៏ថ្វាយដង្វាយដុត និងយញ្ញបូជាដល់ព្រះយេហូវ៉ានៅថ្ងៃនោះឯង
16. កាលពួកមេនៃសាសន៍ភីលីស្ទីនទាំង៥នាក់បានឃើញហើយ នោះគេនាំគ្នាត្រឡប់ទៅឯក្រុងអេក្រុនវិញ នៅថ្ងៃនោះដែរ។