5. ដូច្នេះ ត្រូវឲ្យអ្នករាល់គ្នាធ្វើជារូបឫសដូងបាត និងរូបកណ្តុរ ដែលបានបំផ្លាញស្រុក រួចសរសើរដល់ព្រះនៃសាសន៍អ៊ីស្រាអែលទៅ ប្រហែលជាទ្រង់នឹងសំរាលព្រះហស្តចេញពីអ្នករាល់គ្នា និងពីព្រះ ហើយពីស្រុករបស់អ្នករាល់គ្នាទេដឹង
6. ហេតុអ្វីបានជាអ្នករាល់គ្នាតាំងចិត្តរឹងរូស ដូចជាពួកសាសន៍អេស៊ីព្ទ និងផារ៉ោនដូច្នេះ កាលក្រោយដែលទ្រង់បានធ្វើការអស្ចារ្យក្នុងពួកគេ នោះតើគេមិនបានបើកឲ្យពួកអ៊ីស្រាអែលចេញទៅបាត់ទេឬអី
7. ដូច្នេះ ចូរធ្វើរទេះ១ថ្មី ហើយយកគោញី២ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ
8. នោះត្រូវយកហឹបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហឹប រួចលែងវាឲ្យនាំទៅវិញចុះ
9. ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្តីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។
10. គេក៏ធ្វើដូច្នោះ គឺគេយកគោញី២ដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ
11. ហើយយកហឹបនៃព្រះយេហូវ៉ា មកដាក់លើរទេះ ព្រមទាំងប្រអប់ ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង
12. រួចគោនោះក៏ចេញដំរង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស