3. គេឆ្លើយថា បើអ្នករាល់គ្នាផ្ញើហឹបនៃព្រះ របស់សាសន៍អ៊ីស្រាអែលទៅវិញ នោះកុំឲ្យផ្ញើទៅដោយទទេឡើយ គឺត្រូវផ្ញើដង្វាយដោយព្រោះការរំលង ទៅឯព្រះរបស់គេផង នោះអ្នករាល់គ្នានឹងបានជាហើយ ក៏នឹងដឹងជាមានហេតុអ្វី ដែលនាំឲ្យព្រះហស្តនៃព្រះយេហូវ៉ា នៅជាប់នឹងអ្នករាល់គ្នាដូច្នេះដែរ
4. គេក៏សួរថា តើដង្វាយយ៉ាងណា ដែលយើងត្រូវផ្ញើទៅថ្វាយទ្រង់នោះ ពួកនោះប្រាប់ថា គឺរូបឫសដូងបាត៥ ធ្វើពីមាស និងកណ្តុរមាស៥ តាមចំនួនពួកមេនៃសាសន៍ភីលីស្ទីន ដ្បិតអ្នករាល់គ្នា និងពួកមេរបស់អ្នករាល់គ្នា ក៏កើតមានសេចក្តីវេទនាតែ១
5. ដូច្នេះ ត្រូវឲ្យអ្នករាល់គ្នាធ្វើជារូបឫសដូងបាត និងរូបកណ្តុរ ដែលបានបំផ្លាញស្រុក រួចសរសើរដល់ព្រះនៃសាសន៍អ៊ីស្រាអែលទៅ ប្រហែលជាទ្រង់នឹងសំរាលព្រះហស្តចេញពីអ្នករាល់គ្នា និងពីព្រះ ហើយពីស្រុករបស់អ្នករាល់គ្នាទេដឹង
6. ហេតុអ្វីបានជាអ្នករាល់គ្នាតាំងចិត្តរឹងរូស ដូចជាពួកសាសន៍អេស៊ីព្ទ និងផារ៉ោនដូច្នេះ កាលក្រោយដែលទ្រង់បានធ្វើការអស្ចារ្យក្នុងពួកគេ នោះតើគេមិនបានបើកឲ្យពួកអ៊ីស្រាអែលចេញទៅបាត់ទេឬអី
7. ដូច្នេះ ចូរធ្វើរទេះ១ថ្មី ហើយយកគោញី២ដែលបំបៅកូន ឥតដែលមានអ្នកណាយកនឹមមកទឹមនៅឡើយ រួចឲ្យទឹមនឹងរទេះនោះ ហើយដេញកូនពីវាឲ្យទៅផ្ទះវិញ
8. នោះត្រូវយកហឹបនៃព្រះយេហូវ៉ាដាក់លើរទេះទៅ ហើយដាក់គ្រឿងមាសទាំងប៉ុន្មាន ដែលអ្នករាល់គ្នាថ្វាយនោះ ទៅក្នុងប្រអប់ដាក់ខាងហឹប រួចលែងវាឲ្យនាំទៅវិញចុះ
9. ចាំមើល បើសិនជាវាឡើងតាមផ្លូវ ដែលនាំទៅឯបេត-សេមែស ក្នុងដែនស្រុករបស់គេ នោះគឺជាទ្រង់ហើយ ដែលបានធ្វើឲ្យយើងកើតមានសេចក្តីអាក្រក់យ៉ាងធំនេះ តែបើមិនដូច្នោះ នោះយើងនឹងដឹងថា មិនមែនព្រះហស្តនៃទ្រង់ដែលបានវាយយើងទេ គឺជាគ្រោះរបស់យើងវិញ។
10. គេក៏ធ្វើដូច្នោះ គឺគេយកគោញី២ដែលបំបៅកូន នាំមកទឹមនឹងរទេះ រួចបង្ខាំងកូនទុកនៅក្នុងក្រោលវិញ
11. ហើយយកហឹបនៃព្រះយេហូវ៉ា មកដាក់លើរទេះ ព្រមទាំងប្រអប់ ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតរបស់គេផង
12. រួចគោនោះក៏ចេញដំរង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស
13. គ្រានោះ ពួកអ្នកនៅបេត-សេមែស គេកំពុងតែច្រូតស្រូវនៅវាលច្រកភ្នំ លុះងើបភ្នែកឡើង ក៏អរសប្បាយ ដោយឃើញហឹបនៃព្រះមកវិញ
14. រទេះក៏មកដល់ក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្ម១ធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាដង្វាយដុតដល់ព្រះយេហូវ៉ា
15. ពួកលេវីគេយកហឹបនៃព្រះយេហូវ៉ា និងប្រអប់ដែលមានគ្រឿងមាសទាំងប៉ុន្មាន ចុះមកដាក់លើថ្មធំនោះ រួចពួកបេត-សេមែសក៏ថ្វាយដង្វាយដុត និងយញ្ញបូជាដល់ព្រះយេហូវ៉ានៅថ្ងៃនោះឯង