1. រីឯសាសន៍អ៊ីស្រាអែល គេលើកគ្នាចេញទៅច្បាំងនឹងពួកសាសន៍ភីលីស្ទីន បោះទ័ពនៅជិតអេបេន-អេស៊ើរ ឯពួកភីលីស្ទីន ក៏បោះទ័ពនៅត្រង់អាផែក។
2. ពួកភីលីស្ទីនគេដំរៀបទ័ពប្រទល់នឹងអ៊ីស្រាអែលរួចកាលគេបានចូលប្រឡូកតដៃគ្នា នោះពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសំឡាប់ពលទ័ពនៅវាល អស់ប្រហែលជា៤ពាន់នាក់
3. ដូច្នេះ កាលពួកពលបានចូលមកក្នុងទីបោះទ័ពវិញ នោះពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលជំនុំគ្នាថា ហេតុអ្វីបានជាព្រះយេហូវ៉ាទ្រង់វាយយើង នៅចំពោះមុខពួកភីលីស្ទីនក្នុងថ្ងៃនេះដូច្នេះ ចូរយើងនាំយកហឹបនៃសញ្ញារបស់ព្រះយេហូវ៉ា ពីស៊ីឡូរមកឯយើង ដើម្បីឲ្យនៅកណ្តាលពួកយើង ហើយជួយសង្គ្រោះយើង ពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
4. នោះគេក៏ចាត់ឲ្យទៅឯស៊ីឡូរ នាំយកហឹបនៃសេចក្តីសញ្ញា ផងព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្តាលចេរូប៊ីន ពីទីនោះមក ឯហុបនី និងភីនេហាស ជាកូនអេលីទាំង២ ក៏នៅទីនោះ ជាមួយនឹងហឹបនៃសេចក្តីសញ្ញារបស់ព្រះដែរ។
5. កាលហឹបនៃសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា បានមកដល់ក្នុងទីបោះទ័ពហើយ នោះស្រាប់តែពួកអ៊ីស្រាអែលទាំងអស់គ្នា គេស្រែកឡើងជាខ្លាំង ដល់ម៉្លេះបានជាឮខ្ទរខ្ទារនៅផែនដី
6. លុះពួកភីលីស្ទីនបានឮសូរសព្ទសំរែកដូច្នោះ ក៏សួរគ្នាថា តើសូរសព្ទសំរែកជាខ្លាំងដល់ម៉្លេះ នៅទីបោះទ័ពរបស់ពួកសាសន៍ហេព្រើរជាយ៉ាងណាហ្ន៎ នោះក៏យល់ឃើញថា ហឹបនៃព្រះយេហូវ៉ាបានមកដល់ទីបោះទ័ពហើយ