១ សាំយូអែល 30:5-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឯ​ប្រពន្ធ​ដាវីឌ​ទាំង​២ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ដែល​ជា​អ្នក​ស្រុក​កើមែល នោះ​គេ​ក៏​បាន​នាំ​ទៅ​ជា​ឈ្លើយ​ដែរ

6. ចំណែក​ដាវីឌ​លោក​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​បណ្តា​ពួក​លោក​គិត​ចោល​នឹង​ថ្ម ពី​ព្រោះ​គ្រប់​គ្នា​មាន​សេចក្តី​ទំនាស់​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​កំឡា​ចិត្ត​ខ្លួន​ឡើង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​វិញ។

7. គ្រា​នោះ ដាវីឌ​និយាយ​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ថា សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក

8. រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង

9. ដូច្នេះ ដាវីឌ ព្រម​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ​ហើយ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ

10. ដ្បិត​មាន​២០០​នាក់​ឈប់​នៅ ដោយ​គេ​ល្វើយ និង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន តែ​ឯ​ដាវីឌ និង​៤០០​នាក់​ឯ​ទៀត ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត។

11. រីឯ​នៅ​វាល គេ​ប្រទះ​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ ហើយ​ក៏​នាំ​វា​មក​ឯ​ដាវីឌ រួច​ឲ្យ​នំបុ័ង និង​ទឹក​បរិភោគ

12. ក៏​ឲ្យ​ផ្លែ​ល្វា​ក្រៀម​១​ផែន ហើយ​នឹង​ផ្លែ​ទំពាំង‌បាយ‌ជូរ​ក្រៀម​២​ចង្កោម​ដែរ កាល​វា​បាន​បរិភោគ​ហើយ នោះ​ក៏​មាន​កំឡាំង​ឡើង ពី​ព្រោះ​មិន​បាន​បរិភោគ ទោះ​អាហារ ឬ​ទឹក​អស់​៣​ថ្ងៃ​៣​យប់​មក​ហើយ

13. ដាវីឌ​សួរ​វា​ថា ឯង​ជា​បាវ​របស់​អ្នក​ណា ហើយ​មក​ពី​ណា វា​ឆ្លើយ​តប​ថា ខ្ញុំ​ជា​សាសន៍​អេស៊ីព្ទ ជា​អ្នក​បំរើ​របស់​សាសន៍​អាម៉ា‌លេក​ម្នាក់ ចៅ‌ហ្វាយ​ខ្ញុំ​បាន​លះ‌ចោល​ខ្ញុំ​៣​ថ្ងៃ​មក​ហើយ ពី​ព្រោះ​ខ្ញុំ​ឈឺ

14. យើង​ខ្ញុំ​បាន​លុក​ចូល​ស្រុក​ត្បូង​របស់​ពួក​កេរេ‌ធីម និង​ស្រុក​របស់​ពួក​យូដា ហើយ​នឹង​ស្រុក​ត្បូង ជា​ស្រុក​របស់​កាលែប ក៏​ដុត​ក្រុង​ស៊ីក‌ឡាក់​ដោយ​ភ្លើង

15. នោះ​ដាវីឌ​សួរ​ថា ឯង​ចូល​ចិត្ត​នឹង​នាំ​យើង​ចុះ​ទៅ​ឯ​ពួក​នោះ​ឬ​ទេ វា​ឆ្លើយ​ថា សូម​ស្បថ​នឹង​ខ្ញុំ​ដោយ​នូវ​ព្រះ​ចុះ ថា​លោក​មិន​សំឡាប់​ខ្ញុំ​ឡើយ ក៏​មិន​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ដែរ នោះ​ខ្ញុំ​នឹង​នាំ​លោក​ចុះ​ទៅ​ឲ្យ​ដល់​គេ។

16. កាល​វា​បាន​នាំ​ចុះ​ទៅ​ដល់​ហើយ នោះ​ឃើញ​គេ​នៅ​ពាស‌ពេញ​លើ​ដី​កំពុង​តែ​ស៊ី​ផឹក ហើយ​លោត‌កញ្ឆេង​ដោយ​ព្រោះ​របឹប​ជា​ច្រើន ដែល​គេ​ចាប់​បាន នាំ​យក​មក​ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា​នោះ

17. ដាវីឌ​ក៏​ប្រហារ​គេ​ចាប់​តាំង​ពី​ពេល​ព្រលប់​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​ក្រោយ ឥត​មាន​អ្នក​ណា​រត់​រួច​ឡើយ លើក​តែ​ពួក​កំឡោះ​៤០០​នាក់​ដែល​ជិះ​សត្វ​អូដ្ឋ រត់​ទៅ​ប៉ុណ្ណោះ

18. ដូច្នេះ ដាវីឌ​ចាប់​យក​បាន​របស់​ទាំង​អស់ ដែល​សាសន៍​អាម៉ា‌លេក​បាន​ប្លន់​យក​ទៅ​នោះ ក៏​បាន​ប្រពន្ធ​ទាំង​២​មក​វិញ​ដែរ

19. ឯ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ប្លន់​យក​ទៅ​នោះ គ្មាន​ខ្វះ​អ្វី​សោះ ទោះ​តូច​ឬ​ធំ កូន​ប្រុស កូន​ស្រី ឬ​របឹប​ណា​ក្តី ដាវីឌ​បាន​នាំ​យក​ទាំង​អស់​មក​វិញ

20. លោក​ក៏​ចាប់​យក​ហ្វូង​ចៀម និង​ហ្វូង​គោ​ដែរ ហើយ​ពួក​អ្នក​គង្វាល​ដែល​ដេញ​សត្វ​ទាំង​នោះ​នៅ​មុខ​គេ ក៏​និយាយ​ថា នេះ​ជា​របឹប​នៃ​ដាវីឌ។

១ សាំយូអែល 30