12. ក៏ឲ្យផ្លែល្វាក្រៀម១ផែន ហើយនឹងផ្លែទំពាំងបាយជូរក្រៀម២ចង្កោមដែរ កាលវាបានបរិភោគហើយ នោះក៏មានកំឡាំងឡើង ពីព្រោះមិនបានបរិភោគ ទោះអាហារ ឬទឹកអស់៣ថ្ងៃ៣យប់មកហើយ
13. ដាវីឌសួរវាថា ឯងជាបាវរបស់អ្នកណា ហើយមកពីណា វាឆ្លើយតបថា ខ្ញុំជាសាសន៍អេស៊ីព្ទ ជាអ្នកបំរើរបស់សាសន៍អាម៉ាលេកម្នាក់ ចៅហ្វាយខ្ញុំបានលះចោលខ្ញុំ៣ថ្ងៃមកហើយ ពីព្រោះខ្ញុំឈឺ
14. យើងខ្ញុំបានលុកចូលស្រុកត្បូងរបស់ពួកកេរេធីម និងស្រុករបស់ពួកយូដា ហើយនឹងស្រុកត្បូង ជាស្រុករបស់កាលែប ក៏ដុតក្រុងស៊ីកឡាក់ដោយភ្លើង
15. នោះដាវីឌសួរថា ឯងចូលចិត្តនឹងនាំយើងចុះទៅឯពួកនោះឬទេ វាឆ្លើយថា សូមស្បថនឹងខ្ញុំដោយនូវព្រះចុះ ថាលោកមិនសំឡាប់ខ្ញុំឡើយ ក៏មិនប្រគល់ខ្ញុំទៅឲ្យចៅហ្វាយខ្ញុំវិញដែរ នោះខ្ញុំនឹងនាំលោកចុះទៅឲ្យដល់គេ។
16. កាលវាបាននាំចុះទៅដល់ហើយ នោះឃើញគេនៅពាសពេញលើដីកំពុងតែស៊ីផឹក ហើយលោតកញ្ឆេងដោយព្រោះរបឹបជាច្រើន ដែលគេចាប់បាន នាំយកមកពីស្រុកភីលីស្ទីន និងស្រុកយូដានោះ
17. ដាវីឌក៏ប្រហារគេចាប់តាំងពីពេលព្រលប់នោះ រហូតដល់ល្ងាចថ្ងៃក្រោយ ឥតមានអ្នកណារត់រួចឡើយ លើកតែពួកកំឡោះ៤០០នាក់ដែលជិះសត្វអូដ្ឋ រត់ទៅប៉ុណ្ណោះ
18. ដូច្នេះ ដាវីឌចាប់យកបានរបស់ទាំងអស់ ដែលសាសន៍អាម៉ាលេកបានប្លន់យកទៅនោះ ក៏បានប្រពន្ធទាំង២មកវិញដែរ
19. ឯរបស់ទាំងប៉ុន្មានដែលគេប្លន់យកទៅនោះ គ្មានខ្វះអ្វីសោះ ទោះតូចឬធំ កូនប្រុស កូនស្រី ឬរបឹបណាក្តី ដាវីឌបាននាំយកទាំងអស់មកវិញ
20. លោកក៏ចាប់យកហ្វូងចៀម និងហ្វូងគោដែរ ហើយពួកអ្នកគង្វាលដែលដេញសត្វទាំងនោះនៅមុខគេ ក៏និយាយថា នេះជារបឹបនៃដាវីឌ។
21. រួចដាវីឌត្រឡប់មកដល់ពួក២០០នាក់ ដែលឥតមានកំឡាំងនឹងតាមទៅ គឺជាពួកអ្នកដែលគេបានទុកនៅត្រង់ជ្រោះបេសោរនោះ អ្នកទាំងនោះក៏ចេញទៅទទួលដាវីឌ និងអស់អ្នកដែលនៅជាមួយ កាលដាវីឌចូលមកជិត នោះក៏សួរគេពីសេចក្តីសុខទុក្ខ
22. ឯបណ្តាមនុស្សកំណាច និងមនុស្សចោលម្សៀត ក្នុងពួកអ្នកដែលបានទៅជាមួយនឹងដាវីឌ គេនិយាយឡើងថា យើងមិនព្រមចែករបឹបដែលយើងបានចាប់យកមកវិញ ឲ្យដល់អ្នកទាំងនេះទេ លើកតែប្រពន្ធកូនគេប៉ុណ្ណោះ នោះឲ្យគេនាំទៅចុះ ពីព្រោះគេមិនបានទៅជាមួយនឹងយើងសោះ
23. តែដាវីឌប្រកែកថា បងប្អូនអើយ កុំឲ្យធ្វើដូច្នេះចំពោះរបស់ដែលព្រះយេហូវ៉ាបានប្រទានមកយើងឡើយ ដ្បិតទ្រង់បានការពារយើង ហើយប្រគល់ពួកអ្នកដែលបានញាំញីយើង មកក្នុងកណ្តាប់ដៃយើងហើយ
24. តើអ្នកណានឹងស្តាប់តាមអ្នករាល់គ្នាក្នុងដំណើរនេះ ដ្បិតអ្នកដែលចុះទៅច្បាំងបានចំណែកប៉ុណ្ណា នោះអ្នកដែលនៅចាំអីវ៉ាន់ ក៏ត្រូវបានចំណែកប៉ុណ្ណោះដែរ គឺត្រូវចែកឲ្យស្មើៗគ្នា
25. នោះក៏បានដូច្នោះ ចាប់តាំងពីថ្ងៃនោះតទៅ ដាវីឌក៏តាំងសេចក្តីនោះឡើង ទុកជាច្បាប់ជាបញ្ញត្តសំរាប់សាសន៍អ៊ីស្រាអែលដរាបដល់សព្វថ្ងៃនេះ។
26. លុះកាលដាវីឌបានត្រឡប់មកដល់ស៊ីកឡាក់វិញហើយ នោះក៏ផ្ញើរបឹបខ្លះទៅជូនដល់ពួកចាស់ទុំនៅស្រុកយូដា ដែលជាមិត្រសំឡាញ់របស់លោក ដោយពាក្យថានេះជាចំណែករបឹប ដែលចាប់ពីពួកខ្មាំងសត្រូវនៃព្រះយេហូវ៉ា ខ្ញុំផ្ញើមកជូនដល់លោករាល់គ្នា
27. គឺផ្ញើទៅដល់ពួកចាស់ទុំនៅបេត-អែល រ៉ាម៉ូតខាងត្បូង និងយ៉ាទារ
28. នៅអារ៉ូអ៊ើរ ស៊ីពម៉ូត អែសធេម៉ូរ
29. រ៉ាកាល និងដល់ពួកដែលនៅអស់ទាំងទីក្រុងរបស់ពួកយេរ៉ាម្អែល ហើយនឹងពួកដែលនៅអស់ទាំងទីក្រុងនៃពួកកែន