1. រីឯសាំយូអែល ក្មេងនោះ ក៏ធ្វើការងារថ្វាយព្រះយេហូវ៉ា នៅចំពោះមុខអេលី ក្នុងគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាកាន់តែក្រទៅ ឯការជាក់ស្តែងក៏មិនសូវមានជាញឹកញយដែរ
2. នៅគ្រានោះឯង មានពេល១ដែលអេលីដេកនៅដំណេករបស់លោក (សម័យនោះ ភ្នែកលោកបានចាប់តាំងងងឹតទៅ មើលអ្វីមិនឃើញឡើយ)
3. ហើយសាំយូអែលក៏ដេក នៅក្នុងព្រះវិហារព្រះយេហូវ៉ាដែរ ជាកន្លែងដែលមានហឹបនៃព្រះ ក្នុងកាលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ
4. នោះព្រះយេហូវ៉ាទ្រង់ហៅមកសាំយូអែល ហើយសាំយូអែលតបថា ប្របាទ
5. រួចក៏រត់ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយទៅថា អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ សាំយូអែលក៏ទៅដេកវិញ
6. នោះព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតថា នែសាំយូអែល រួចសាំយូអែលក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី តែអេលីឆ្លើយថា កូនអើយ អញគ្មានហៅឯងទេ ចូរទៅដេកវិញទៅ
7. ឯសាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ
8. រួចព្រះយេហូវ៉ាទ្រង់ហៅម្តងទៀតជាគំរប់៣ដងថា នែសាំយូអែលអើយ នោះសាំយូអែលក៏ក្រោកឡើង ទៅឯអេលីសួរថា ខ្ញុំមកហើយ លោកមានការអី ដូច្នេះ អេលីក៏យល់ឃើញថា គឺជាព្រះយេហូវ៉ាហើយ ដែលបានហៅក្មេងនេះ
9. លោកក៏ប្រាប់ដល់សាំយូអែលថា ចូរឯងដេកទៅ បើឮសូរហៅម្តងទៀត នោះត្រូវឆ្លើយថា បពិត្រ ព្រះយេហូវ៉ាអើយ សូមទ្រង់មានព្រះបន្ទូលមកចុះ ដ្បិតទូលបង្គំ ជាអ្នកបំរើទ្រង់ ប្រុងស្តាប់ហើយ ដូច្នេះ សាំយូអែលបានទៅដេកនៅដំណេកខ្លួនវិញទៅ។