2. ដាវីឌទូលឆ្លើយថា បើដូច្នេះ ទ្រង់នឹងបានជ្រាបការដែលទូលបង្គំ ជាបាវទ្រង់ នឹងធ្វើជាយ៉ាងណា នោះអ័គីសមានព្រះបន្ទូលតបថា បើដូច្នោះមែន យើងនឹងតាំងអ្នកឲ្យការពារយើងជាដរាបតទៅ។
3. រីឯសាំយូអែល លោកបានស្លាប់ហើយ ពួកអ៊ីស្រាអែលទាំងអស់ក៏កាន់ទុក្ខនឹងលោក ហើយបានបញ្ចុះសពលោកនៅត្រង់រ៉ាម៉ា ក្នុងទីក្រុងរបស់លោករួចជាស្រេច ហើយសូលទ្រង់បានបណ្តេញអស់ទាំងពួកគ្រូខាប និងពួកគ្រូអន្ទងខ្មោចពីស្រុកចេញ
4. គ្រានោះ ពួកភីលីស្ទីនគេប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយសូលទ្រង់ក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ
5. កាលសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីន នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង
6. តែកាលសូលទូលដល់ព្រះយេហូវ៉ា នោះទ្រង់មិនឆ្លើយតបមកឡើយ ទោះបើដោយការពន្យល់សប្តិឬដោយសារយូរីម ឬដោយពួកហោរាក្តី
7. ដូច្នេះ សូលទ្រង់មានព្រះបន្ទូលប្រាប់ទៅពួកអ្នកបំរើទ្រង់ថា ចូរទៅរកស្រីដែលចេះខាបខ្មោចឲ្យអញចុះ ដើម្បីឲ្យអញបានទៅសួរទំនាយពីស្រីនោះ ពួកអ្នកបំរើទ្រង់ក៏ទូលឆ្លើយថា មើលនៅឯអេន-ដោរ មានស្ត្រីម្នាក់ជាអ្នកចេះខាប។
8. នោះសូលទ្រង់ក៏ក្លែងខ្លួន ហើយផ្លាស់សំលៀកបំពាក់ រួចចេញទៅ មានមនុស្ស២នាក់ទៅជាមួយផង ក៏បានដល់ទៅស្រីនោះនៅពេលយប់ ហើយមានព្រះបន្ទូលថា សូមទាយប្រាប់ខ្ញុំដោយនូវខ្មោចចុះ ហើយសូមខាបយកអ្នក១ ដែលខ្ញុំនឹងប្រាប់អ្នកឲ្យមកឯខ្ញុំផង
9. ស្ត្រីនោះឆ្លើយឡើងថា លោកជ្រាបហើយពីការដែលស្តេចសូលបានធ្វើជាយ៉ាងណា គឺទ្រង់បានបណ្តេញពួកចេះខាប និងអន្ទងខ្មោចពីស្រុកចេញ ចុះហេតុអ្វីបានជាលោកដាក់អន្ទាក់ចាប់ជីវិតខ្ញុំឲ្យត្រូវស្លាប់ដូច្នេះ
10. នោះសូលក៏ស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនត្រូវមានទោសក្នុងការនេះឡើយ
11. រួចស្រីនោះសួរថា តើចង់ឲ្យខ្ញុំខាបយកអ្នកណាមកឲ្យលោក នោះទ្រង់មានព្រះបន្ទូលថា សូមខាបយកសាំយូអែលមកឲ្យខ្ញុំចុះ
12. កាលស្ត្រីនោះបានឃើញសាំយូអែល នោះក៏ស្រែកឡើងជាខ្លាំង រួចទូលសូលថា ហេតុអ្វីបានជាបញ្ឆោតខ្ញុំម្ចាស់ដូច្នេះ ដ្បិតខ្លួនលោកនេះហើយ គឺជាសូល
13. តែទ្រង់មានព្រះបន្ទូលថា កុំឲ្យភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី រួចស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមក
14. ទ្រង់មានព្រះបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្តេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។