13. តែទ្រង់មានព្រះបន្ទូលថា កុំឲ្យភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី រួចស្ត្រីនោះទូលឆ្លើយថា ខ្ញុំម្ចាស់បានឃើញពួកព្រះឡើងពីដីមក
14. ទ្រង់មានព្រះបន្ទូលទៀតថា តើមានភាពយ៉ាងដូចម្តេច គាត់ឆ្លើយថា មានភាពជាមនុស្សចាស់គ្រលុំដោយអាវដែលឡើងមក នោះសូលទ្រង់យល់ថា ជាសាំយូអែលហើយ រួចទ្រង់ក្រាបព្រះភក្ត្រចុះដល់ដីដោយគោរព។
15. ឯសាំយូអែល លោកទូលសួរថា ហេតុអ្វីបានជាធ្វើឲ្យទូលបង្គំរំខាន ដោយហៅឲ្យទូលបង្គំឡើងមកដូច្នេះ សូលមានព្រះបន្ទូលឆ្លើយថា ខ្ញុំមានសេចក្តីវេទនាជាខ្លាំង ពីព្រោះពួកសាសន៍ភីលីស្ទីនគេមកច្បាំងនឹងខ្ញុំ ហើយព្រះទ្រង់បានថយចេញពីខ្ញុំទៅ ទ្រង់ឥតមានព្រះបន្ទូលឆ្លើយមកខ្ញុំទៀតឡើយ ទោះបើដោយហោរា ឬដោយការពន្យល់សប្តិក្តី ហេតុនោះបានជាខ្ញុំហៅលោកមក ដើម្បីលោកបង្ហាញការ ដែលខ្ញុំគួរធ្វើយ៉ាងណា
16. នោះសាំយូអែលឆ្លើយថា បើព្រះយេហូវ៉ាបានថយចេញពីទ្រង់ទៅ ហើយបានត្រឡប់ជាទាស់ទទឹងនឹងទ្រង់ផង ចុះហេតុអ្វីបានជាទ្រង់សួរដល់ទូលបង្គំវិញដូច្នេះ
17. ព្រះយេហូវ៉ាបានសំរេចដល់ទ្រង់ តាមសេចក្តីទំនាយ ដែលទាយដោយសារទូលបង្គំហើយ គឺបានដករាជ្យពីព្រះហស្តទ្រង់ចេញប្រគល់ឲ្យដល់អ្នកដទៃម្នាក់ គឺដាវីឌ
18. ពីព្រោះទ្រង់មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឡើយ ក៏មិនបានធ្វើដល់សាសន៍អាម៉ាលេក តាមសេចក្តីក្រេវក្រោធរបស់ព្រះផង ហេតុនោះបានជានៅថ្ងៃនេះ ព្រះយេហូវ៉ាបានប្រព្រឹត្តនឹងទ្រង់យ៉ាងដូច្នេះ
19. មួយទៀត ព្រះយេហូវ៉ានឹងប្រគល់សាសន៍អ៊ីស្រាអែល ជាមួយនឹងទ្រង់ ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ ស្អែកនេះ ទ្រង់ ព្រមទាំងពួកបុត្រាទ្រង់ នឹងបាននៅជាមួយនឹងទូលបង្គំហើយ ព្រះយេហូវ៉ា ទ្រង់នឹងប្រគល់ពួកពលទ័ពរបស់សាសន៍អ៊ីស្រាអែល ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនដែរ។
20. ខណៈនោះ ស្រាប់តែសូលទ្រង់ដួលស្រប៉ាបចុះនៅដី មានសេចក្តីភ័យជាខ្លាំង ដោយពាក្យដែលសាំយូអែលបានប្រាប់នោះ ហើយគ្មានកំឡាំងនៅសល់ទៀតទេ ពីព្រោះមិនបានសោយព្រះស្ងោយអស់ពេញ១ថ្ងៃ១យប់នោះហើយ