2. ស្រេចហើយ ដាវីឌក៏ក្រោកឡើងនាំទាំងពួក៦០០នាក់ ដែលនៅជាមួយនឹងលោក ទៅឯស្រុករបស់អ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថទៅ
3. ក៏អាស្រ័យនៅក្នុងក្រុងកាថ ជាស្រុករបស់អ័គីសនោះ ព្រមទាំងពួកលោកទាំងប៉ុន្មាន ដែលគ្រប់គ្នាមានពួកគ្រួរបស់ខ្លួននៅជាមួយផង ឯដាវីឌ លោកបាននាំប្រពន្ធទាំង២មកដែរ គឺនាងអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ដែលជាប្រពន្ធរបស់ខ្មោចណាបាលផង
4. នោះមានគេទូលដល់សូលថា ដាវីឌបានរត់ទៅនៅឯក្រុងកាថហើយ ដូច្នេះ ទ្រង់ក៏ឈប់លែងរកទៀត។
5. ឯដាវីឌ លោកទូលនឹងអ័គីសថា បើទូលបង្គំបានប្រកបដោយព្រះគុណនៅចំពោះទ្រង់ឥឡូវ នោះសូមទ្រង់ឲ្យគេចែកទីកន្លែងដល់ទូលបង្គំ នៅទីក្រុងណាមួយ ក្នុងអាណាខែត្ររបស់ទ្រង់ ឲ្យទូលបង្គំបានអាស្រ័យនៅផង ដ្បិតមិនគួរឲ្យទូលបង្គំ ជាបាវទ្រង់ បាននៅក្នុងទីក្រុងធំរបស់ស្តេច ជាមួយនឹងទ្រង់ទេ
6. នៅថ្ងៃនោះឯង អ័គីសក៏ប្រទានក្រុងស៊ីកឡាក់ឲ្យដល់ដាវីឌ ព្រោះហេតុនោះបានជាក្រុងស៊ីកឡាក់ ក៏នៅជារបស់ផងពួកស្តេចយូដា ដរាបដល់សព្វថ្ងៃនេះ
7. ដាវីឌក៏អាស្រ័យនៅក្នុងស្រុកភីលីស្ទីនអស់១ឆ្នាំ៤ខែ។
8. នៅគ្រានោះដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាលេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុក តាំងតែពីដើមរៀងមក គេនៅតាមផ្លូវ ដែលទៅឯស្រុកស៊ើររហូតដល់ស្រុកអេស៊ីព្ទ
9. ដាវីឌវាយស្រុកគេ ឥតទុកឲ្យមានប្រុសឬស្រីនៅរស់ឡើយ ក៏ចាប់យកចៀម គោ លា អូដ្ឋ និងសំលៀកបំពាក់របស់គេ រួចនាំគ្នាត្រឡប់មកឯអ័គីសវិញ