7. ដូច្នេះ ដាវីឌ និងអ័ប៊ីសាយក៏ចូលទៅក្នុងបណ្តាទ័ពទាំងយប់ ឃើញសូលកំពុងផ្ទំលក់នៅក្នុងវង់ទីបោះទ័ព មានលំពែងរបស់ទ្រង់ដោតនៅដីត្រង់ក្បាលដំណេក ឯអ័ប៊ីនើរ និងបណ្តាទ័ពទាំងប៉ុន្មាន គេដេកព័ទ្ធជុំវិញទ្រង់
8. នោះអ័ប៊ីសាយជំរាបដាវីឌថា នៅថ្ងៃនេះ ព្រះទ្រង់បានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃលោកហើយ ដូច្នេះ សូមបើកឲ្យខ្ញុំចាក់នឹងលំពែងឲ្យធ្លុះដល់ដីតែ១ដងទៅ ដើម្បីកុំឲ្យអំពល់ទៅមុខទៀត
9. តែដាវីឌឃាត់ថា កុំឲ្យបំផ្លាញជីវិតទ្រង់ឡើយ ដ្បិតតើមានអ្នកឯណាអាចនឹងលូកដៃ ទៅទាស់នឹងអ្នកដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ហើយឥតមានទោសបានឬទេ
10. ដាវីឌក៏និយាយទៀតថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ព្រះយេហូវ៉ានឹងប្រហារជីវិតទ្រង់ ឬថ្ងៃកំណត់ដែលទ្រង់ត្រូវសុគតនឹងមកដល់ ឬទ្រង់នឹងចេញទៅវិនាសក្នុងទីចំបាំងណាមួយជាមិនខាន
11. សូមឲ្យព្រះយេហូវ៉ាឃាត់ កុំឲ្យខ្ញុំលូកដៃទៅទាស់នឹងអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យឡើង ដូច្នេះ ចូរយកតែលំពែងដែលនៅត្រង់ក្បាលដំណេកទ្រង់ និងក្អមទឹកប៉ុណ្ណោះ រួចយើងទៅវិញចុះ
12. យ៉ាងនោះដាវីឌក៏យកលំពែង និងក្អមទឹកពីត្រង់ក្បាលដំណេករបស់សូលចេញបាត់ទៅ ឥតមានអ្នកណាឃើញ ឬដឹងឡើយ ក៏គ្មានអ្នកណាភ្ញាក់ផង ដោយគ្រប់គ្នាកំពុងតែដេកលក់ ពីព្រោះព្រះយេហូវ៉ាទ្រង់បានធ្វើឲ្យគេលក់ស៊ប់។
13. ដាវីឌក៏ត្រឡប់ទៅឯខាងខ្លួនវិញ ហើយឈរលើកំពូលភ្នំពីចំងាយ មានប្រឡោះធំនៅជាកណ្តាល
14. រួចស្រែកដាស់ពួកបណ្តាទ័ព និងអ័ប៊ីនើរ ជាកូននើរថា នែ អ័ប៊ីនើរមិនឆ្លើយទេឬ នោះអ័ប៊ីនើរឆ្លើយឡើងថា តើអ្នកណាដែលស្រែកហៅស្តេចនោះ
15. ដាវីឌឆ្លើយតបទៅអ័ប៊ីនើរថា តើឯងមិនមែនជាមនុស្សទេឬអី តើមានអ្នកឯណា ក្នុងបណ្តាសាសន៍អ៊ីស្រាអែល ឲ្យដូចជាឯងដូច្នេះ ហេតុអ្វីបានជាឯងមិនបានរក្សាស្តេច ជាចៅហ្វាយនៃឯង ដ្បិតមានមនុស្សម្នាក់បានចូលមក ចង់បំផ្លាញស្តេច ជាចៅហ្វាយនៃឯងចោល