31. នោះដំណើរនេះមិនបានជាហេតុឲ្យលោកតូចចិត្តស្តាយដោយលោកបានកំចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ ហើយកាលណាព្រះយេហូវ៉ាបានប្រោសសេចក្តីល្អដល់លោកម្ចាស់ នោះសូមទាននឹកចាំពីខ្ញុំ ជាបាវស្រីរបស់លោកផង។
32. ដាវីឌក៏ឆ្លើយនឹងនាងអ័ប៊ីកែលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលទ្រង់បានចាត់អ្នក ឲ្យមកជួបនឹងខ្ញុំ នៅថ្ងៃនេះ
33. ហើយសូមពរដល់ប្រាជ្ញារបស់អ្នក និងដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកំចាយឈាម ហើយមិនឲ្យសងសឹកដល់គេដោយដៃខ្លួនខ្ញុំនៅថ្ងៃនេះ
34. ដ្បិតខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលទ្រង់មានព្រះជន្មរស់នៅ ហើយបានឃាត់មិនឲ្យខ្ញុំធ្វើបាបដល់អ្នកថា បើអ្នកមិនបានប្រញាប់មកជួបនឹងខ្ញុំទេ នោះប្រាកដជាដល់ស្រាងឡើង នោះនឹងគ្មានសល់អ្វីដល់ណាបាល សូម្បីតែកូនប្រុស១ផង
35. នោះដាវីឌក៏ទទួលយកជំនូនពីដៃនាង ដែលនាងបាននាំយកមកជូននោះដោយពាក្យថា សូមអញ្ជើញឡើងទៅឯផ្ទះអ្នកវិញ ដោយសុខសាន្តចុះ ខ្ញុំបានយល់ព្រមតាមពាក្យអ្នកហើយ ក៏អរគុណដល់អ្នកដែរ។
36. រីឯអ័ប៊ីកែល នាងក៏វិលទៅឯណាបាល ជាប្ដីវិញ ឃើញគាត់កំពុងតែលៀងលោមភ្ញៀវនៅក្នុងផ្ទះ ដូចជាការលៀងលោមនៃស្តេច ឯណាបាលក៏មានចិត្តសប្បាយឡើង ដោយព្រោះស្រវឹងជាខ្លាំង ដូច្នេះ នាងមិនបានប្រាប់អ្វីដល់គាត់ឡើយ ទោះតិច ឬច្រើនក្តី រហូតដល់ព្រឹកឡើង
37. លុះព្រឹកឡើង គ្រាដែលណាបាលស្វាងពីស្រាហើយ នោះប្រពន្ធក៏ថ្លែងប្រាប់ពីសេចក្តីទាំងនោះ រួចគាត់ត្រូវគាំងបេះដូង ហើយត្រឡប់ជារឹងស្តូកទៅ
38. លុះក្រោយមកបានប្រហែលជា១០ថ្ងៃ នោះព្រះយេហូវ៉ាទ្រង់វាយណាបាលឲ្យស្លាប់ទៅ។
39. កាលដាវីឌបានឮថា ណាបាលស្លាប់ហើយ នោះលោកមានប្រសាសន៍ថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដែលទ្រង់បានកាន់ក្តីខាងខ្ញុំ ពីដំណើរដែលណាបាលបានដៀលត្មះដល់ខ្ញុំនោះ ព្រមទាំងឃាត់ខ្ញុំ ជាអ្នកបំរើទ្រង់ មិនឲ្យប្រព្រឹត្តការអាក្រក់ តែកិរិយាអាក្រក់របស់ណាបាល នោះទ្រង់បានទំលាក់ទៅលើក្បាលវាវិញ រួចដាវីឌចាត់គេឲ្យទៅស្នើការនឹងអ័ប៊ីកែល ដើម្បីនឹងយកនាងធ្វើជាប្រពន្ធ
40. កាលពួកបំរើរបស់ដាវីឌបានមកឯអ័ប៊ីកែល នៅកើមែលហើយ នោះក៏ជំរាបនាងថា ដាវីឌបានចាត់យើងខ្ញុំ ឲ្យមកអញ្ជើញអ្នកទៅធ្វើជាប្រពន្ធលោក
41. នោះនាងក៏ក្រោកឡើង រួចក្រាបផ្កាប់មុខនឹងដីតបថា ខ្ញុំនេះជាអ្នកបំរើ សំរាប់នឹងលាងជើង ដល់ពួកអ្នកបំរើរបស់លោកម្ចាស់ខ្ញុំ
42. អ័ប៊ីកែលក៏ប្រញាប់ប្រញាល់ឡើងជិះលាទៅ មានទាំងស្រីបំរើ៥នាក់តាមទៅដែរ នាងក៏តាមពួកអ្នកបំរើរបស់ដាវីឌ ទៅធ្វើជាប្រពន្ធលោកទៅ។
43. ឯដាវីឌ លោកក៏យកអ័ហ៊ីណោម ជាអ្នកនៅស្រុកយេសរាល ធ្វើជាប្រពន្ធដែរ នាងទាំង២នោះបានធ្វើជាប្រពន្ធរបស់លោក