29. មួយទៀត ទោះបើមានមនុស្សលើកដេញ តាមរកប្រហារជីវិតរបស់លោកក៏ដោយ គង់តែជីវិតលោកម្ចាស់នៃខ្ញុំ នឹងបានចងជាប់ក្នុងបាច់នៃជីវិត ជាមួយនឹងព្រះយេហូវ៉ា ជាព្រះនៃលោកដែរ ឯជីវិតរបស់ពួកខ្មាំងសត្រូវនៃលោកនឹងត្រូវបាត់ទៅ ដូចជាបាញ់ចេញពីខ្សែដង្ហក់វិញ
30. រួចកាលណាព្រះយេហូវ៉ាបានប្រោសលោកម្ចាស់នៃខ្ញុំ តាមគ្រប់ទាំងសេចក្តីល្អដែលទ្រង់បានមានព្រះបន្ទូលពីដំណើរលោក ព្រមទាំងតាំងលោកឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលហើយ
31. នោះដំណើរនេះមិនបានជាហេតុឲ្យលោកតូចចិត្តស្តាយដោយលោកបានកំចាយឈាមគេឥតហេតុ ឬបានសងសឹកដល់គេដោយខ្លួនលោកឡើយ ហើយកាលណាព្រះយេហូវ៉ាបានប្រោសសេចក្តីល្អដល់លោកម្ចាស់ នោះសូមទាននឹកចាំពីខ្ញុំ ជាបាវស្រីរបស់លោកផង។
32. ដាវីឌក៏ឆ្លើយនឹងនាងអ័ប៊ីកែលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដែលទ្រង់បានចាត់អ្នក ឲ្យមកជួបនឹងខ្ញុំ នៅថ្ងៃនេះ
33. ហើយសូមពរដល់ប្រាជ្ញារបស់អ្នក និងដល់ខ្លួនអ្នកផង ដោយព្រោះអ្នកបានឃាត់មិនឲ្យខ្ញុំកំចាយឈាម ហើយមិនឲ្យសងសឹកដល់គេដោយដៃខ្លួនខ្ញុំនៅថ្ងៃនេះ