21. រីឯដាវីឌលោកបានគិតថា ដែលអញបានថែរក្សាទ្រព្យរបស់ទាំងប៉ុន្មាននៃមនុស្សនោះ ឲ្យគង់វង្សនៅទីរហោស្ថាន ឥតមានបាត់អ្វីណាមួយឡើយ នោះពិតប្រាកដជាឥតប្រយោជន៍សោះ វាបានប្រព្រឹត្តការអាក្រក់ស្នងនឹងការល្អដល់អញវិញ
22. ដូច្នេះ បើខ្ញុំទុកឲ្យសល់អ្នកណាក្នុងពួកវា សូម្បីតែកូនប្រុស១ក្តី ឲ្យរស់នៅដរាបដល់ស្រាងឡើង នោះសូមឲ្យព្រះធ្វើដូច្នោះដល់ដាវីឌខ្ញុំនេះចុះ ហើយលើសទៅទៀតផង។
23. កាលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ
24. នាងទំលាក់ខ្លួននៅទៀបជើងលោក ជំរាបថា ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាបាវស្រីរបស់លោក ជំរាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់បាវស្រីលោកសិន
25. កុំឲ្យលោកម្ចាស់តាំងចិត្តចំពោះណាបាលជាមនុស្សកំណាចនោះឡើយ ដ្បិតគាត់ដូចជាឈ្មោះរបស់គាត់ពិតមែន គឺគាត់ឈ្មោះណាបាល ហើយក៏មានសេចក្តីចំកួតនោះឯង ឯខ្ញុំ ជាបាវស្រីរបស់លោក ខ្ញុំឥតបានឃើញពួកកំឡោះរបស់លោកម្ចាស់ ដែលបានចាត់ទៅនោះទេ
26. ដូច្នេះ ឱលោកម្ចាស់ខ្ញុំអើយ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងលោកដែរថា ពួកខ្មាំងសត្រូវរបស់លោកម្ចាស់នៃខ្ញុំ ព្រមទាំងអស់អ្នកដែលរកធ្វើអាក្រក់ដល់លោក នឹងបានដូចជាណាបាលនោះឯង ដោយព្រោះព្រះយេហូវ៉ាទ្រង់បានឃាត់លោកមិនឲ្យកំចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ
27. រីឯជំនូននេះដែលខ្ញុំម្ចាស់ ជាអ្នកបំរើរបស់លោក បាននាំយកមកជូន នោះសូមចែកឲ្យដល់ពួកកំឡោះ ដែលតាមលោកម្ចាស់នៃខ្ញុំមកនោះចុះ
28. សូមអត់ទោសសេចក្តីរំលងនេះដល់បាវស្រីរបស់លោកផង ដ្បិតព្រះយេហូវ៉ាទ្រង់នឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ពីព្រោះលោកម្ចាស់នៃខ្ញុំ តែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្តីអាក្រក់ណា នៅក្នុងលោកម្ចាស់ឡើយ គ្រប់១ជីវិតរបស់លោក