12. ដូច្នេះ ពួកកំឡោះរបស់ដាវីឌក៏វិលត្រឡប់ទៅវិញ ជំរាបតាមសេចក្តីទាំងនោះ
13. រួចដាវីឌបង្គាប់ដល់គេថា ចូរអ្នករាល់គ្នាក្រវាត់ដាវគ្រប់គ្នាឡើង នោះគេក៏ក្រវាត់ដាវរៀងខ្លួន ហើយដាវីឌក៏ក្រវាត់ដាវរបស់លោកដែរ ខណៈនោះមានមនុស្សប្រហែលជា៤០០នាក់ ឡើងតាមដាវីឌទៅ ហើយមាន២០០នាក់ទៀតនៅថែរក្សាអីវ៉ាន់។
14. មានពួកកំឡោះម្នាក់របស់ណាបាលបានទៅជំរាបដល់អ័ប៊ីកែល ជាប្រពន្ធណាបាលថា មើល ដាវីឌបានចាត់មនុស្សពីទីរហោស្ថាន មកជំរាបសួរចៅហ្វាយយើងខ្ញុំ តែលោកបានស្តីកិនដល់គេវិញ
15. ពួកអ្នកទាំងនោះបានប្រព្រឹត្តល្អនឹងយើងខ្ញុំណាស់ គេមិនបានធ្វើអ្វីដល់យើងខ្ញុំទេ ហើយកាលយើងខ្ញុំនៅជាមួយនឹងគេ ក្នុងគ្រាដែលយើងខ្ញុំកំពុងតែឃ្វាលហ្វូងចៀម នោះយើងខ្ញុំឥតមានបាត់អ្វីឡើយ
16. គេជាកំផែងដល់យើងខ្ញុំទាំងយប់ទាំងថ្ងៃ ក្នុងពេលដែលយើងខ្ញុំនៅជាមួយនឹងគេ កំពុងឃ្វាលចៀមនោះ
17. ដូច្នេះ សូមជំរាបជូនលោកស្រីជ្រាប សូមពិចារណាចុះ តើត្រូវធ្វើដូចម្តេច ដ្បិតមុខជាគេបានសំរេចនឹងធ្វើអាក្រក់ដល់ចៅហ្វាយយើងខ្ញុំ និងពួកគ្រួលោកទាំងអស់គ្នាហើយ ពីព្រោះលោកប្រុសជាមនុស្សកំណាចណាស់ ឥតមានអ្នកណានិយាយនឹងលោកបានទេ។
18. នោះនាងក៏ប្រញឹកប្រញាប់ ចាត់ចែងនំបុ័ង២០០ដុំ ថង់ស្បែកពេញដោយស្រាទំពាំងបាយជូរ២ ចៀមរៀបជាស្រេច៥ លាជ៥រង្វាល់ ផ្លែទំពាំងបាយជូរក្រៀម១០០ចង្កោម និងផ្លែល្វាក្រៀម២០០ផែន ផ្ទុកលើសត្វលានាំទៅ
19. នាងក៏ប្រាប់ដល់ពួកបំរើរបស់នាងថា ចូរចេញទៅមុនអញចុះ អញនឹងទៅតាមក្រោយ តែនាងមិនបានប្រាប់ដល់ណាបាល ជាប្ដីនាងឡើយ
20. កាលនាងកំពុងតែជិះលាចុះតាមផ្លូវច្រកភ្នំទៅ នោះគាប់ជួនជាដាវីឌ និងពួកលោកក៏ចុះដំរង់មកខាងមុខនាង ហើយនាងក៏ទៅជួបនឹងគេ
21. រីឯដាវីឌលោកបានគិតថា ដែលអញបានថែរក្សាទ្រព្យរបស់ទាំងប៉ុន្មាននៃមនុស្សនោះ ឲ្យគង់វង្សនៅទីរហោស្ថាន ឥតមានបាត់អ្វីណាមួយឡើយ នោះពិតប្រាកដជាឥតប្រយោជន៍សោះ វាបានប្រព្រឹត្តការអាក្រក់ស្នងនឹងការល្អដល់អញវិញ
22. ដូច្នេះ បើខ្ញុំទុកឲ្យសល់អ្នកណាក្នុងពួកវា សូម្បីតែកូនប្រុស១ក្តី ឲ្យរស់នៅដរាបដល់ស្រាងឡើង នោះសូមឲ្យព្រះធ្វើដូច្នោះដល់ដាវីឌខ្ញុំនេះចុះ ហើយលើសទៅទៀតផង។
23. កាលអ័ប៊ីកែលបានឃើញដាវីឌ នោះនាងក៏ចុះពីលើលាជាប្រញាប់ ទៅក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ
24. នាងទំលាក់ខ្លួននៅទៀបជើងលោក ជំរាបថា ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាបាវស្រីរបស់លោក ជំរាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់បាវស្រីលោកសិន