១ សាំយូអែល 25:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​សាំយូ‌អែល​លោក​ក៏​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ គេ​មូល​គ្នា យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា ឯ​ដាវីឌ​លោក​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។

2. រីឯ​នៅ​ម៉ាអូន មាន​ម្នាក់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ ដែល​ទ្រព្យ​សម្បត្តិ​នៅ​ឯ​កើមែល គាត់​មាន​ចៀម​៣​ពាន់ និង​ពពែ​១​ពាន់ នៅ​គ្រា​នោះ គាត់​កំពុង​តែ​កាត់​រោម​ចៀម នៅ​ឯ​កើមែល

3. អ្នក​នោះ​ឈ្មោះ​ណាបាល ជា​ពូជ‌ពង្ស​នៃ​កាលែប ប្រពន្ធ​ឈ្មោះ​អ័ប៊ី‌កែល ឯ​នាង​ជា​ស្ត្រី​ប្រកប​ដោយ​ប្រាជ្ញា ទាំង​រូប​ក៏​ស្រស់‌បស់​ល្អ តែ​ប្ដី​ជា​មនុស្ស​កាច​អាក្រក់​ក្នុង​កិរិយា​ប្រព្រឹត្ត​វិញ

4. ឯ​ដាវីឌ​នៅ​ទី​រហោ‌ស្ថាន ក៏​ឮ​ថា​ណាបាល​កំពុង​តែ​កាត់​រោម​ចៀម

5. នោះ​ក៏​ចាត់​កំឡោះ​១០​នាក់​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ឡើង​ទៅ​ឯ​ណាបាល​នៅ​ត្រង់​កើមែល ហើយ​ជំរាប​សួរ​គាត់ ដោយ​នូវ​ឈ្មោះ​យើង

6. ត្រូវ​ឲ្យ​និយាយ​ដូច្នេះ​ថា ជំរាប​សួរ​លោក សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្តី​សុខ ព្រម​ទាំង​ពួក​គ្រួ​លោក និង​របស់​ទ្រព្យ​លោក​ទាំង​អស់​ផង

7. ចំណែក​ខ្ញុំ​បាន​ឮ​ថា លោក​បាន​ហៅ​ជាង​កាត់​រោម​ចៀម​មក​ហើយ ឯ​ពួក​អ្នក​គង្វាល​ចៀម​របស់​លោក គេ​បាន​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ យើង​ខ្ញុំ​ឥត​មាន​ធ្វើ​អ្វី​ដល់​គេ​ទេ គេ​ក៏​គ្មាន​បាត់​អ្វី​១​នៅ​វេលា​ដែល​គេ​នៅ​ត្រង់​កើមែល​ដែរ

8. សូម​ឲ្យ​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជំរាប​លោក​តាម​ពិត ដូច្នេះ សូម​លោក​អាណិត​មេត្តា​ដល់​ពួក​កំឡោះ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​មក​ឯ​លោក​ត្រូវ​ពេល​ដ៏​ស្រួល​ហើយ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បំរើ​របស់​លោក និង​ដាវីឌ ជា​កូន​លោក​ផង។

9. រីឯ​កាល​ពួក​កំឡោះ​របស់​ដាវីឌ​បាន​ទៅ​និយាយ​នឹង​ណាបាល តាម​ពាក្យ​ទាំង​នេះ ដោយ​នូវ​ឈ្មោះ​ដាវីឌ​រួច​ហើយ

10. នោះ​ណាបាល​ឆ្លើយ​តប​ទៅ​ថា ដាវីឌ​ជា​អ្វី តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី សព្វ​ថ្ងៃ​នេះ​មាន​បាវ​ជា​ច្រើន ដែល​រត់​ចោល​ពី​ចៅ‌ហ្វាយ​របស់​ខ្លួន​ទៅ

11. ដូច្នេះ តើ​ត្រូវ​ឲ្យ​អញ​យក​នំបុ័ង​របស់​អញ ព្រម​ទាំង​ទឹក និង​សាច់​ដែល​អញ​បាន​សំឡាប់ សំរាប់​ពួក​ជាង​កាត់​រោម​ចៀម ទៅ​ចែក​ដល់​ពួក​មនុស្ស ដែល​អញ​មិន​ដឹង​ជា​មក​ពី​ណា​ផង​ឬ​អី

១ សាំយូអែល 25