6. រួចនិយាយនឹងពួកខ្លួនថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ
7. គឺដោយពាក្យយ៉ាងនោះឯង ដែលដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងសូលឡើយ រួចមក សូលក្រោកឡើងចេញពីរអាងយាងតាមផ្លូវទ្រង់ទៅ។
8. ឯដាវីឌ ក៏ក្រោកឡើងចេញពីរអាង តាមក្រោយស្រែកទូលដល់សូលថា បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ រួចកាលសូលបែរទតមកក្រោយ នោះដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដីថ្វាយបង្គំទូលថា
9. ហេតុអ្វីបានជាទ្រង់ស្តាប់តាមពាក្យរបស់មនុស្សដែលថា ដាវីឌរកធ្វើឲ្យវិនាសដល់ទ្រង់ដូច្នេះ
10. មើល ថ្ងៃនេះឯងព្រះនេត្រទ្រង់ឃើញជាយ៉ាងណាហើយ ដែលព្រះយេហូវ៉ាបានប្រគល់ទ្រង់មកក្នុងកណ្តាប់ដៃនៃទូលបង្គំ នៅក្នុងរអាងភ្នំនេះក៏មានអ្នកខ្លះប្រាប់ឲ្យទូលបង្គំសំឡាប់ទ្រង់ចោល តែទូលបង្គំបានប្រណីដល់ទ្រង់វិញ ដោយថាទូលបង្គំមិនព្រមលើកដៃទាស់នឹងចៅហ្វាយនៃទូលបង្គំទេ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ
11. មួយទៀត បពិត្រព្រះបិតាអើយ សូមទតមើលមកនេះ នេះនែ ជាយព្រះពស្ត្ររបស់ទ្រង់នៅក្នុងដៃទូលបង្គំឯណេះ ដូច្នេះ ដោយព្រោះទូលបង្គំបានគ្រាន់តែកាត់ជាយព្រះពស្ត្រទ្រង់ តែមិនបានសំឡាប់ទ្រង់ទេ នោះសូមពិចារណា ហើយជ្រាបថា គ្មានសេចក្តីអាក្រក់ណា ឬការក្បត់ណា នៅដៃទូលបង្គំឡើយ ទូលបង្គំក៏មិនបានធ្វើបាបដល់ទ្រង់ដែរ ទោះបើទ្រង់លបចង់ចាប់យកជីវិតទូលបង្គំក៏ដោយ
12. ដូច្នេះ សូមឲ្យព្រះយេហូវ៉ាទ្រង់ជំនុំជំរះរឿងយើងខ្ញុំទាំង២ចុះ ហើយសូមឲ្យព្រះយេហូវ៉ាសងសឹកនឹងទ្រង់ ជំនួសទូលបង្គំផង តែទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ
13. ដូចជាមានពាក្យសុភាសិតពីបូរាណថា «មនុស្សកំណាចតែងបញ្ចេញសុទ្ធតែសេចក្តីកំណាច» ប៉ុន្តែ ទូលបង្គំមិនព្រមលូកដៃទៅដាក់លើទ្រង់ឡើយ