1. កាលសូល ទ្រង់បានត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ នោះមានគេទូលទ្រង់ថា ឥឡូវនេះ ដាវីឌនៅត្រង់ទីរហោស្ថានអេន-កេឌី
2. ដូច្នេះ សូលទ្រង់ក៏យកមនុស្សដែលជ្រើសរើស ពីក្នុងពួកអ៊ីស្រាអែលទាំងប៉ុន្មានមានចំនួន៣ពាន់នាក់ ចេញទៅរកដាវីឌ និងពួកលោកនៅលើភ្នំថ្មពពែព្រៃ
3. ក៏យាងមកដល់ក្រោលចៀម ដែលនៅតាមផ្លូវ ជាកន្លែងដែលមានរអាង១ ហើយទ្រង់ចូលទៅផ្ទំនៅក្នុងរអាងនោះ រីឯដាវីឌ និងពួកលោក គេនៅក្នុងទីជ្រៅនៃរអាងនោះដែរ
4. ខណៈនោះ ពួកខាងដាវីឌជំរាបថា មើល នេះហើយជាថ្ងៃដែលព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលនឹងលោកថា ទ្រង់នឹងប្រគល់ពួកខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃនៃលោក នោះលោកនឹងធ្វើសំរេចតាមតែចិត្តបាន ដូច្នេះ ដាវីឌក៏ក្រោកឡើងលបចូលទៅថ្នមៗ កាត់ផ្តាច់ជាយព្រះពស្ត្ររបស់សូលចេញ
5. តែបន្ទាប់នោះមក នោះដាវីឌក៏មានសេចក្តីឈឺចិត្តស្តាយ ដោយព្រោះបានកាត់ជាយព្រះពស្ត្ររបស់សូល
6. រួចនិយាយនឹងពួកខ្លួនថា សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ គឺដែលខ្ញុំនឹងលើកដៃទាស់នឹងទ្រង់ឡើយ ដ្បិតព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ហើយ
7. គឺដោយពាក្យយ៉ាងនោះឯង ដែលដាវីឌបានឃាត់ពួកខ្លួន មិនឲ្យគេលើកគ្នាទាស់នឹងសូលឡើយ រួចមក សូលក្រោកឡើងចេញពីរអាងយាងតាមផ្លូវទ្រង់ទៅ។
8. ឯដាវីឌ ក៏ក្រោកឡើងចេញពីរអាង តាមក្រោយស្រែកទូលដល់សូលថា បពិត្រព្រះរាជា ជាម្ចាស់នៃទូលបង្គំអើយ រួចកាលសូលបែរទតមកក្រោយ នោះដាវីឌក៏ក្រាបចុះផ្កាប់មុខដល់ដីថ្វាយបង្គំទូលថា