19. គ្រានោះ ពួកស្រុកស៊ីភឡើងទៅឯសូល នៅត្រង់គីបៀរទូលថា ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងទីពំនួននៃភ្នំហាគីឡា ដែលនៅត្រង់ព្រៃ ខាងត្បូងទីរហោស្ថាន
20. ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់យាងចុះទៅ ដូចជាទ្រង់សព្វព្រះហឫទ័យចង់ទៅស្រាប់ ឯត្រង់ការចាប់បញ្ជូនវាមកក្នុងព្រះហស្តទ្រង់ នោះស្រេចនៅយើងខ្ញុំចុះ
21. សូលឆ្លើយថា សូមព្រះយេហូវ៉ាប្រទានពរដល់អ្នករាល់គ្នា ដោយព្រោះមានសេចក្តីឈឺឆ្អាលនឹងយើង
22. ដូច្នេះ សូមឲ្យអ្នករាល់គ្នាទៅស៊ើបសួររក ឲ្យប្រាកដច្បាស់ជាងនេះទៅទៀត ដើម្បីឲ្យបានដឹង ហើយឃើញពិត ដែលវានៅត្រង់ណា ហើយអ្នកណាមួយដែលបានឃើញវានៅទីនោះផង ដ្បិតគេប្រាប់យើងថា វាឆ្លាតណាស់
23. ដូច្នេះ ចូរទៅមើល ឲ្យដឹងគ្រប់កន្លែងណាដែលវាធ្លាប់ពួននៅ រួចត្រឡប់មកប្រាប់យើងវិញឲ្យពិតប្រាកដ នោះយើងនឹងចេញទៅជាមួយនឹងអ្នករាល់គ្នា ហើយបើវានៅក្នុងស្រុក នោះយើងនឹងជ្រាវរកវា ក្នុងពួកយូដាទាំងពាន់ៗ ទាល់តែឃើញ។