12. រួចដាវីឌទូលសួរថា តើពួកកៃឡានឹងប្រគល់ទូលបង្គំ ហើយនឹងពួកទូលបង្គំនេះ ទៅក្នុងកណ្តាប់ដៃនៃសូលដែរឬអី នោះព្រះយេហូវ៉ាទ្រង់ឆ្លើយថា គេនឹងប្រគល់ឯងទៅមែន
13. ដូច្នេះ ដាវីឌ ហើយនឹងពួកលោកដែលមានចំនួនប្រហែលជា៦០០នាក់ គេក៏ឡើងចេញពីកៃឡា ទៅឯកន្លែង១ទៀត ហើយមានគេទូលដល់សូលថា ដាវីឌបានរត់ពីកៃឡាទៅបាត់ហើយ នោះទ្រង់ក៏លែងគិតទៅ។
14. ឯដាវីឌលោកអាស្រ័យនៅទីពំនួន ក្នុងទីរហោស្ថាន ក៏នៅតែក្នុងស្រុកភ្នំនៃទីរហោស្ថានស៊ីភនោះ ចំណែកសូលទ្រង់ចេះតែរកលោករាល់តែថ្ងៃជានិច្ច តែព្រះទ្រង់មិនប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃស្តេចឡើយ។
15. ដាវីឌក៏ឃើញថា សូលទ្រង់បានចេញមករកជីវិតខ្លួនដែរ បានជាលោកនៅជាប់តែក្នុងព្រៃនៅទីរហោស្ថានស៊ីភនោះ
16. ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្តីសង្ឃឹមក្នុងព្រះឡើង
17. លោកមានប្រសាសន៍ថា កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំបាននឹងជាបន្ទាប់របស់អ្នកដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ
18. នោះអ្នកទាំង២ក៏ចុះសញ្ញាគ្នានៅចំពោះព្រះយេហូវ៉ា រួចដាវីឌក៏នៅតែក្នុងព្រៃនោះទៅ តែយ៉ូណាថានលោកវិលទៅឯលំនៅរបស់លោកវិញ។
19. គ្រានោះ ពួកស្រុកស៊ីភឡើងទៅឯសូល នៅត្រង់គីបៀរទូលថា ដាវីឌបានពួននៅស្រុកយើងខ្ញុំ ក្នុងទីពំនួននៃភ្នំហាគីឡា ដែលនៅត្រង់ព្រៃ ខាងត្បូងទីរហោស្ថាន
20. ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់យាងចុះទៅ ដូចជាទ្រង់សព្វព្រះហឫទ័យចង់ទៅស្រាប់ ឯត្រង់ការចាប់បញ្ជូនវាមកក្នុងព្រះហស្តទ្រង់ នោះស្រេចនៅយើងខ្ញុំចុះ