18. នោះស្តេចទ្រង់បង្គាប់ដល់ដូអេកថា ចូរឯងទៅសំឡាប់ពួកសង្ឃទៅ ដូច្នេះ ដូអេក ជាសាសន៍អេដំម ក៏ស្ទុះទៅលើពួកសង្ឃសំឡាប់ស្លាប់អស់៨៥នាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស
19. ឯក្រុងណូបជាទីក្រុងរបស់ពួកសង្ឃនោះ វាក៏ប្រហារដោយមុខដាវដែរ គឺទាំងប្រុស ទាំងស្រី ទាំងក្មេង និងកូនដែលនៅបៅ ទាំងគោ ទាំងលា ហើយនឹងចៀមផង។
20. តែមានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេកដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ
21. ជំរាបពីដំណើរ ដែលសូលបានសំឡាប់ពួកសង្ឃនៃព្រះយេហូវ៉ាអស់ហើយ
22. នោះដាវីឌមានប្រសាសន៍ទៅអ័បៀថើរថា នៅថ្ងៃនោះ កាលខ្ញុំឃើញដូអេក ជាសាសន៍អេដំម នៅទីនោះ ខ្ញុំបានដឹងថា វានឹងទូលពិតដល់សូលជាមិនខាន ដំណើរនេះខ្ញុំបាននាំឲ្យពួកគ្រួឪពុកអ្នក ត្រូវស្លាប់ទាំងអស់គ្នាហើយ
23. ដូច្នេះ ចូរអ្នកនៅជាមួយនឹងខ្ញុំចុះ កុំភ័យខ្លាចឡើយ ដ្បិតអ្នកដែលស្វែងរកជីវិតខ្ញុំ ក៏រកជីវិតអ្នកដែរ តែនៅជាមួយនឹងខ្ញុំនេះ អ្នកនឹងបានសេចក្តីសុខវិញ។