14. អ័ហ៊ីម៉ាលេកទូលឆ្លើយថា នៅក្នុងពួកមហាតលិកទ្រង់ទាំងប៉ុន្មាន តើមានអ្នកឯណាដែលស្មោះត្រង់ដូចដាវីឌ ជាកូនប្រសាទ្រង់ ដែលស្តាប់បង្គាប់ទ្រង់ ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងដំណាក់ទ្រង់ផងនោះ
15. ដូច្នេះ នៅថ្ងៃនេះ ដែលទូលបង្គំបានទូលសួរដល់ព្រះ នោះតើបានទូលសួរឲ្យលោកឬអី សូមឲ្យសេចក្តីនោះនៅឆ្ងាយពីទូលបង្គំទៅ កុំឲ្យទ្រង់ព្រះករុណាប្រចាប់ទូលបង្គំ ជាបាវបំរើរបស់ទ្រង់ ឬអ្នកណាមួយក្នុងពួកគ្រួឪពុកទូលបង្គំដូច្នេះឡើយ ដ្បិតទូលបង្គំ ជាបាវបំរើទ្រង់ មិនបានដឹងអ្វីពីរឿងទាំងនេះ ទោះច្រើន ឬតិចនោះទេ
16. តែស្តេចទ្រង់មានព្រះបន្ទូលថា អ័ហ៊ីម៉ាលេកឯងត្រូវស្លាប់ជាពិតប្រាកដ គឺឯង ហើយនឹងពួកគ្រួឪពុកឯងទាំងអស់គ្នាផង
17. រួចស្តេចក៏បង្គាប់ដល់ពួកដំរួតដែលឈរនៅជុំវិញថា ចូរឯងរាល់គ្នាសំឡាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាចោលទៅ ពីព្រោះគេបានចូលដៃនឹងដាវីឌហើយ គេបានដឹងថាវារត់ តែមិនបានប្រាប់ដល់អញសោះ តែពួកដំរួតរបស់ស្តេច គេមិនព្រមលើកដៃទៅសំឡាប់ពួកសង្ឃនៃព្រះយេហូវ៉ាឡើយ
18. នោះស្តេចទ្រង់បង្គាប់ដល់ដូអេកថា ចូរឯងទៅសំឡាប់ពួកសង្ឃទៅ ដូច្នេះ ដូអេក ជាសាសន៍អេដំម ក៏ស្ទុះទៅលើពួកសង្ឃសំឡាប់ស្លាប់អស់៨៥នាក់នៅថ្ងៃនោះ សុទ្ធតែជាអ្នកពាក់អេផូឌធ្វើពីអំបោះខ្លូតទេស
19. ឯក្រុងណូបជាទីក្រុងរបស់ពួកសង្ឃនោះ វាក៏ប្រហារដោយមុខដាវដែរ គឺទាំងប្រុស ទាំងស្រី ទាំងក្មេង និងកូនដែលនៅបៅ ទាំងគោ ទាំងលា ហើយនឹងចៀមផង។
20. តែមានម្នាក់ឈ្មោះអ័បៀថើរ ជាកូនអ័ហ៊ីម៉ាលេកដែលជាកូនអ័ហ៊ីទូប បានរត់រួចទៅដល់ដាវីឌ
21. ជំរាបពីដំណើរ ដែលសូលបានសំឡាប់ពួកសង្ឃនៃព្រះយេហូវ៉ាអស់ហើយ
22. នោះដាវីឌមានប្រសាសន៍ទៅអ័បៀថើរថា នៅថ្ងៃនោះ កាលខ្ញុំឃើញដូអេក ជាសាសន៍អេដំម នៅទីនោះ ខ្ញុំបានដឹងថា វានឹងទូលពិតដល់សូលជាមិនខាន ដំណើរនេះខ្ញុំបាននាំឲ្យពួកគ្រួឪពុកអ្នក ត្រូវស្លាប់ទាំងអស់គ្នាហើយ
23. ដូច្នេះ ចូរអ្នកនៅជាមួយនឹងខ្ញុំចុះ កុំភ័យខ្លាចឡើយ ដ្បិតអ្នកដែលស្វែងរកជីវិតខ្ញុំ ក៏រកជីវិតអ្នកដែរ តែនៅជាមួយនឹងខ្ញុំនេះ អ្នកនឹងបានសេចក្តីសុខវិញ។