1. ដូច្នេះ ដាវីឌក៏ចេញពីទីនោះ ភៀសខ្លួនទៅឯរអាងអាឌូឡាម កាលពួកបងប្អូន និងពួកគ្រួរបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅឯលោកនៅទីនោះដែរ
2. ហើយអស់អ្នកណាដែលមានសេចក្តីវេទនា និងអស់អ្នកណាដែលជាប់បំណុល ហើយនឹងអស់អ្នកណាដែលមានសេចក្តីជូរជ្រេញក្នុងចិត្ត គេក៏ទៅមូលជុំគ្នានៅឯលោក មានចំនួនប្រហែលជា៤០០នាក់នៅជាមួយនឹងលោក ហើយលោកធ្វើជាមេលើគេ។
3. ពីទីនោះ ដាវីឌក៏ចេញទៅឯមីសប៉ា នៅស្រុកម៉ូអាប់ លោកទូលសូមស្តេចម៉ូអាប់ថា សូមទ្រង់អនុញ្ញាតឲ្យឪពុកម្តាយរបស់ទូលបង្គំមកនៅអាស្រ័យនឹងទ្រង់ផង ដរាបដល់ទូលបង្គំបានដឹងជាព្រះទ្រង់នឹងប្រព្រឹត្តដល់ទូលបង្គំជាយ៉ាងណា
4. លោកក៏នាំយកឪពុកម្តាយទៅគាល់នៅចំពោះស្តេចម៉ូអាប់ រួចគេអាស្រ័យនៅជាមួយនឹងទ្រង់ អស់កំណត់ពេលដែលដាវីឌនៅក្នុងទីពំនួន
5. ឯហោរាកាឌ់ក៏ជំរាបលោកថា កុំឲ្យនៅក្នុងទីពំនួននេះឡើយ សូមទៅឯស្រុកយូដាវិញទៅ នោះដាវីឌក៏ចេញទៅអាស្រ័យនៅឯព្រៃហោរេក។