6. បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុង១ឆ្នាំម្តង
7. បើទ្រង់មានព្រះបន្ទូលយ៉ាងនេះថា អើ ដូច្នេះ ខ្ញុំជាអ្នកបំរើរបស់អ្នកនឹងបានសេចក្តីសុខ តែបើសិនជាទ្រង់ក្រោធវិញ នោះត្រូវដឹងថា បានសំរេចនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ
8. ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបំរើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសញ្ញានៃព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានសេចក្តីទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសំឡាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ
9. យ៉ូណាថានឆ្លើយថា សូមឲ្យសេចក្តីនេះថយឆ្ងាយពីអ្នកទៅ បើសិនជាខ្ញុំដឹងពិតប្រាកដថា បិតាខ្ញុំបានសំរេចនឹងធ្វើអាក្រក់ដល់អ្នក នោះតើខ្ញុំមិនបានប្រាប់ដល់អ្នកទេឬអី
10. រួចដាវីឌនិយាយនឹងយ៉ូណាថានថា បើបិតាអ្នកឆ្លើយនឹងអ្នកដោយគ្រោតគ្រាត នោះតើអ្នកណានឹងប្រាប់ដល់ខ្ញុំ
11. យ៉ូណាថានឆ្លើយតបថា ចូរយើងចេញទៅឯវាលសិន នោះក៏នាំគ្នាចេញទៅទាំង២នាក់។
12. ដល់ហើយ យ៉ូណាថានមានវាចាថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ធ្វើជាសាក្សីចុះ ដល់ស្អែកឡើងពេលថ្មើរនេះ ឬខានស្អែកក្តី កាលណាខ្ញុំបានស្នើការនឹងបិតាខ្ញុំ ហើយឃើញថា មានសេចក្តីល្អណាសំរេចដល់អ្នក នោះខ្ញុំនឹងចាត់គេឲ្យមកប្រាប់ដល់អ្នក
13. តែបើសិនជាបិតាខ្ញុំសព្វព្រះទ័យនឹងធ្វើអាក្រក់ដល់អ្នកវិញ ហើយខ្ញុំមិនបានប្រាប់ឲ្យអ្នកដឹង ដើម្បីបើកឲ្យអ្នកទៅដោយសុខសាន្ត នោះសូមព្រះយេហូវ៉ាធ្វើដល់ខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នក ដូចជាទ្រង់បានគង់ជាមួយនឹងបិតាខ្ញុំដែរ
14. ឯខ្លួនខ្ញុំ កំពុងដែលនៅរស់នៅឡើយ នោះសូមឲ្យអ្នកសំដែងសេចក្តីសប្បុរសនៃព្រះយេហូវ៉ាដល់ខ្ញុំ មិនមែនឲ្យតែខ្ញុំរួចស្លាប់ប៉ុណ្ណោះ
15. គឺឲ្យអ្នកចុះកិច្ចសន្យាថា មិនផ្តាច់សេចក្តីសប្បុរសរបស់អ្នកពីពួកវង្សខ្ញុំ ជារៀងរាបតទៅ ក្នុងកាលដែលព្រះយេហូវ៉ាបានដកពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកពីផែនដីចេញនោះផង។
16. គឺយ៉ាងនោះហើយ ដែលយ៉ូណាថានបានចុះសញ្ញានឹងពួកវង្សរបស់ដាវីឌ ក៏ថែមពាក្យនេះថា បើដាវីឌរំលងបទណា នោះសូមព្រះយេហូវ៉ាទ្រង់នឹងសងការនោះ ដោយសារដៃនៃពួកខ្មាំងសត្រូវរបស់ដាវីឌវិញចុះ។
17. រួចយ៉ូណាថានបានឲ្យដាវីឌស្បថម្តងទៀត ដោយព្រោះសេចក្តីស្រឡាញ់ ដែលលោកមានដល់ដាវីឌ ដ្បិតលោកមានចិត្តស្រឡាញ់ដល់ដាវីឌ ទុកដូចជាខ្លួនលោក
18. យ៉ូណាថានក៏និយាយថា ថ្ងៃស្អែកជាថ្ងៃចូលខែហើយ មុខជាគេនឹងយល់ឃើញថាខ្វះអ្នកដែរ ដោយកៅអីរបស់អ្នកនៅទំនេរ
19. លុះបានផ្អាកនៅអស់៣ថ្ងៃហើយ នោះត្រូវឲ្យអ្នកចុះទៅឯកន្លែង ដែលអ្នកបានពួនពីជាន់មុននោះជាប្រញាប់ទៅ គឺត្រូវទៅអែបនៅត្រង់ថ្មដាអេសែល
20. ខ្ញុំនឹងបាញ់ព្រួញ៣ឲ្យត្រូវត្រង់ថ្មដានោះ ធ្វើដូចជាខំបាញ់ឲ្យត្រូវស្នាមអ្វីមួយ
21. រួចខ្ញុំនឹងចាត់ក្មេងជំទង់ម្នាក់ ឲ្យទៅដោយថា ចូរទៅរកព្រួញមក ហើយបើខ្ញុំនិយាយទៅក្មេងនោះថា មើល ព្រួញនៅខាងអាយឯងឯណេះ ចូររើសយកមក នោះខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា គ្មានហេតុអ្វីនឹងនាំឲ្យអន្តរាយទេ មានតែសេចក្តីមេត្រីដល់អ្នកប៉ុណ្ណោះ