24. ដូច្នេះ ដាវីឌក៏ទៅពួននៅឯទីវាល លុះដល់ថ្ងៃចូលខែហើយ នោះស្តេចទ្រង់ក៏គង់សោយព្រះស្ងោយ
25. ទ្រង់ក៏គង់នៅលើអាសនៈត្រង់ជិតជញ្ជាំង ដូចជាសព្វ១ដង ឯយ៉ូណាថានលោកឈរនៅ ហើយអ័ប៊ីនើរអង្គុយនៅក្បែរសូល តែឯកន្លែងរបស់ដាវីឌនៅជាទំនេរវិញ
26. ប៉ុន្តែ នៅថ្ងៃនោះ សូលទ្រង់មិនបានមានព្រះបន្ទូលអ្វីសោះដោយស្មានថា មានការអ្វីកើតឡើងហើយ ប្រាកដជាវាមិនស្អាតទេ។
27. លុះស្អែកឡើង ក្រោយថ្ងៃចូលខែ គឺជាថ្ងៃទី២ កន្លែងដាវីឌនៅក៏តែទំនេរទៀត នោះសូលទ្រង់មានព្រះបន្ទូលសួរយ៉ូណាថានជាបុត្រាទ្រង់ថា ហេតុអ្វីបានជាកូនអ៊ីសាយមិនបានមកបរិភោគភោជនាហារ ពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង
28. យ៉ូណាថានទូលឆ្លើយថា ដាវីឌបានអង្វរ សូមឲ្យទូលបង្គំបើកឲ្យគាត់ទៅឯបេថ្លេហិមហើយ
29. ដោយថា សូមអនុញ្ញាតឲ្យខ្ញុំទៅ ដ្បិតពួកគ្រួរបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឲ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឲ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយនឹងបិតាទេ។
30. ខណៈនោះ សូលទ្រង់ក៏កើតមានសេចក្តីខ្ញាល់នឹងយ៉ូណាថាន ហើយបន្ទោសថា នែ អាកូនម្នោម្នះ ហើយរឹងចចេស អញដឹងហើយថា ដែលឯងបានរើសយកកូនអ៊ីសាយនេះ ទុកជាមិត្រសំឡាញ់ នោះនឹងបានជាសេចក្តីខ្មាសដល់ឯង ហើយជាសេចក្តីខ្មាសដល់កេរខ្មាសរបស់ម្តាយឯងថែមទៀត
31. ដ្បិតដែលកូនអ៊ីសាយនេះរស់នៅផែនដីដរាបណា នោះឯងមិនបានខ្ជាប់ខ្ជួនឡើយ ហើយរាជ្យឯងក៏មិនបានតាំងឡើងដែរ ដូច្នេះ ចូរឲ្យគេទៅនាំយកវាមកឯអញឥឡូវនេះ ដ្បិតវាគួរស្លាប់ហើយ
32. តែយ៉ូណាថានទូលទាស់ថា ហេតុអ្វីបានជាគាត់ត្រូវស្លាប់ តើបានធ្វើអ្វីខ្លះ
33. នោះសូលទ្រង់ពួយដែកពួយទៅ ដើម្បីប្រហារយ៉ូណាថាន ដោយហេតុនោះ លោកក៏បានជ្រាបថា បិតាបានសំរេចព្រះទ័យនឹងសំឡាប់ដាវីឌហើយ
34. ដូច្នេះ យ៉ូណាថានក៏ក្រោកពីតុឡើង ដោយមានសេចក្តីកំហឹងជាខ្លាំង ហើយនៅថ្ងៃទី២នោះ លោកមិនបានបរិភោគអ្វីសោះ ដោយមានសេចក្តីឈឺឆ្អាលចំពោះដាវីឌ ហើយពីព្រោះបិតាបានធ្វើឲ្យមានសេចក្តីខ្មាសផង។
35. លុះដល់ព្រឹកឡើង យ៉ូណាថានក៏ចេញទៅឯវាលតាមពេលដែលបានសន្យានឹងដាវីឌ ហើយមានក្មេងម្នាក់ទៅជាមួយផង